អេតវីន សុំត្រឹមនៅក្បែរគូស្នេហ៍ត្រឹមតែកន្លះជីវិត ក្រោយចំណាយពេលវេលាលេីមនុស្សខុសច្រើនឆ្នាំ
ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់តារាសម្តែងរូបសង្ហា អេតវីន ជាមួយគូស្នេហ៍ ដែលជាអតីតភរិយាម្ចាស់ផលិតកម្មមួយកាន់តែផ្អែមល្ហែម និង ពោរពេញទៅដោយក្តីសុខ។
ហាក់មិនមានការប្រកាន់ចំពោះអតីតកាលគូស្នេហ៍ ដែលមានងារជាមេម៉ាយកូនពីរ អេតវីន តែងតែបង្ហាញពីភាពផ្អែមល្ហែមជាមួយគូស្នេហ៍ ដោយមិនខ្វល់ពីការធ្លាក់ចុះនៃប្រជាប្រិយភាពអ្វីឡើយ។
ថ្មីៗនេះ លោកបានបង្ហោះសារដែលមានអត្ថន័យថា «សុំនៅក្បែរគាត់ ត្រឹមតែកន្លះជីវិតទៀតបានហើយ ព្រោះខ្ញុំបានចំណាយពេលវេលាទៅលេីមនុស្សខុស សឹងតែកន្លះជីវិតខ្ញុំរួចបាត់ទៅហេីយ»។ ការលើកឡើងរបស់តារាសម្តែងរូបសង្ហា អេតវីន បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រមានការចាប់អារម្មណ៍ និង ជូនពឱ្យចំណងស្នេហ៍អ្នកទាំងពីររឹងមាំ ព្រមទាំងស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង។
ក្រៅពីធ្វើជាតារាសម្តែង អេតវីន ក៏ជាពិធីករនៅស្ថានីយទូរទស្សន៍ភីអិនអិន និង ជាគ្រូបង្រៀនហាត់ប្រាណម្នាក់ដែរ។ ចុងក្រោយនេះ លោកហាក់កាត់បន្ថយការងារសិល្បៈ ដោយងាកមកបោះទុនរួមគ្នាជាមួយគូស្នេហ៍ ដោយបើកហាងលក់សាច់អាំងដែលត្រៀមនឹងដំណើរការ នៅក្នុងពេលឆាប់ៗនេះ៕
រូបថត ៖ ហ្វេសប៊ុក