សោកស្ដាយបំផុត! លោក នី សាលឿន ម្ចាស់បទ ស្នេហ៍ក្នុងសុបិន ទទួលមរណភាពហើយ
នៅមុននេះបន្ដិច មហាជនមានក្ដីរន្ធត់ចិត្តយ៉ាងខ្លាំង ពេលទទួលដំណឹងទទួលមរណភាពរបស់តារាចម្រៀងមានឈ្មោះបោះសំឡេងក្នុងអំឡុងឆ្នាំ ១៩៩១ ដល់ ២០០០ លោក នី សាលឿន ម្ចាស់បទ «ស្នេហ៍ក្នុងសុបិន »។
តាមរយៈការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ Ratana Tung ដែលអះអាងថាជាបងប្អូនជីដូនមួយរបស់តារាចម្រៀងរូបនេះ បានបង្ហោះសារនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ថាលោក នី សាលឿន បានទទួលមរណភាពហើយ ។
មិនតែប៉ុណ្ណោះ យោងតាមគណនីហ្វេសប៊ុករបស់បុរសម្នាក់ មានឈ្មោះថា Arun Prak ដែលអះអាងថាស្គាល់ លោក នី សាលឿន ក៏បានបង្ហោះសារ ដោយភ្ជាប់ជាមួយរូបភាពថតទុកពីគណនី Ratana Tung ថា៖ «ពិតជាសោកស្ដាយណាស់ មិនគួរអោយជឿទេបង ទើបនិយាយគ្នាលេងថ្ងៃមុនសោះ បងនីសាលឿន ម្ចាស់បទ ស្នេហ៍ក្នុងសុបិន នឹងដងស្ទឹងឡូវែល គាត់លារហូតហើយ គ្មានថ្ងៃត្រឡប់»។
គួរឲ្យដឹងថា ម្ចាស់បទ «ស្នេហ៍ក្នុងសុបិន» បានទទួលមរណភាពក្នុងវ័យ ៥០ ឆ្នាំ នៅឯសហរដ្ឋអាមេរិក។ ចំពោះព័ត៌មានលំអិតពីការស្លាប់របស់កំពូលតារាចម្រៀងជើងចាស់រូបនេះ មិនទាន់ត្រូវបានមជ្ឈដ្ឋានក្រុមគ្រួសារ មិត្តភក្ដិ របស់លោក ទម្លាយឱ្យបានដឹងនៅឡើយទេ៕