សាយ មានកម្លាំងប្រឹស ពេលមិត្តរួមអាជីព និង Blogger ល្បីៗចូលរួមរត់ក្នុងខេត្តបាត់ដំបង
ជាងមួយខែមកហើយនៃដំណើរការកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយ សាយ ក្នុងការរៃអង្គាសថវិកាជួយដល់កុមារៗក្នុងមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាបបើគិតពីថ្ងៃចាប់ផ្តើមទី ៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនោះ ។
ទោះគេបានកត់សម្គាល់ឃើញតារាចម្រៀង Original Song រូបនេះបានឆ្លងកាត់ឧបសគ្គជាច្រើន ទោះបីថាថ្ងៃក្តៅ ភ្លៀងត្រជាក់ និង ស្ថានភាពផ្លូវដ៏វែងឆ្ងាយយ៉ាងណា ក៏គិតត្រឹមថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះដែរ សាយ បានរត់ទៅដល់ទីរួមខេត្តបាត់ដំបង ជាខេត្តទី ៩ ហើយ ។
ក្នុងដំណើរនៃការរត់ជាងមួយខែនេះដែរ ទោះជាមានបញ្ហាសុខភាពមួយចំនួនក៏ពិតមែន សាយ ក៏ទទួលបានការផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ និង មិត្តភក្តិជាច្រើនដូចគ្នាដែរ ដោយមានអ្នកខ្លះបានបរិច្ចាគថវិកាផ្ទាល់ខ្លួន និង ខ្លះទៀតបានចំណាយពេលវេលាកម្លាំងរត់អមដំណើរក្នុងកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ទៀតផង ។
ជាក់ស្តែងកាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ គោលដៅការរត់ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ក្រុងបាត់ដំបង សាយ បានបង្ហាញអារម្មណ៍រំភើបចិត្ត និង មានកម្លាំងចិត្តប្រឹសនៅពេលដែលមានការចូលរួមរត់ពីសំណាក់តារាចម្រៀង Original ល្បីៗជាច្រើនដូចជា លោក អ៊ួង សូរិយា លោក P-Sand លោក Kai លោក ចេន និង Blogger ឡាយ ប៊ុនឡេង ផងដែរ ។
សាយ បានបង្ហាញអារម្មណ៍របស់ខ្លួនថា «ថ្ងៃនេះរត់ចូលទីរួមខេត្តបាត់ដំបង មានអារម្មណ៍រំភើបយ៉ាងខ្លាំង ដោយសារមានមិត្តរួមសិល្បៈមកចូលរួមគាំទ្រ និង រត់ជាមួយ ហើយអ្វីដែលសំខាន់នោះគឺមានការទទួលគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រនៅខេត្តបាត់ដំបង ខ្ញុំនឹងនៅខេត្តបាត់ដំបងរហូតដល់ថ្ងៃទី ១២ ទើបរត់ចេញទៅប៉ៃលិន» ៕