ស្ងាត់ៗ មាស សាលី ធ្វើខួបនៃក្តីស្រឡាញ់បួនឆ្នាំបាត់!
ពេលនេះដែរតារាចម្រៀង មាស សាលី កំពុងរស់នៅយ៉ាងមានក្តីសុខនៅសហរដ្ឋអាមេរិកជាមួយម្ចាស់ចិត្ត ដែលថ្ងៃនេះដែរគឺជាថ្ងៃខួបនៃក្តីស្រឡាញ់ដែលលោក និងភរិយាបានស្រឡាញ់គ្នារយៈពេលបួនឆ្នាំមកហើយ ។
ថ្មីៗនេះ មាស សាលី បានបង្ហោះរូបភាពភរិយាក្នុងឈុតសម្លៀកបំពាក់កូនកំលោះក្រមុះ ដោយមានភ្ជាប់សារខ្លីថា « Happy Anniversary honey សង្ឃឹមថាចាស់រៀងខ្លួនបងស្រឡាញ់អូនរហូត ២០១៦» ។
ការលើកឡើងរបស់តារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការសាទរ និង ជូនពរឱ្យលោក រួមទាំងភរិយាស្រឡាញ់គ្នាជារៀងរហូត ជាពិសេសឆាប់មានដំណឹងល្អផងដែរ ។ គេចាំបានថាកន្លងមក មាស សាលី មិនដែលបង្ហើបថាលោករៀបការម្តងណាឡើយ តែបែរជាសំងំៗលោកបានបង្ហាញរូបភាពអាពាហ៍ពិពាហ៍ជាមួយនារីអណិកជនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកយ៉ាងស្រស់ស្អាត គិតមកដល់ពេលនេះមានរយៈពេលបួនឆ្នាំទៅហើយ ។
គេចាំបានថា មាស សាលី បានចាកចេញទៅសម្តែងនៅសហរដ្ឋអាមេរិកកាលពីដើមឆ្នាំកន្លងមក ដែលពេលនេះលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានៅសហរដ្ឋអាមេរិក ហើយជារឿយៗលោកតែងបង្ហាញរូបភាពស្វីតស្វីតចែករំលែកដល់អ្នកគាំទ្រនៅក្នុងស្រុកផងដែរ ៕