ឌួង ហ្សូរីដា គិតឈប់ចិញ្ចឹមសត្វបន្ត ព្រោះហត់ចិត្តទួញសោក ខ្លាចការបាត់បង់
ថ្មីៗនេះពិធីការិនី ឌួង ហ្សូរីដា បានបង្ហាញអារម្មណ៍ស្រណោះ និង ស្រក់ទឹកភ្នែក ក្រោយពីសត្វឆ្កែជាទីស្រឡាញ់រស់នៅជាមួយរយៈពេល ១៦ ឆ្នាំ របស់ខ្លួនបានងាប់ដោយសារជំងឺ ដោយនាងបានរៀបចំពិធីបុណ្យឱ្យសត្វសុនខរបស់នាង និង មានការនិមន្តព្រះសង្ឃសូត្រធម៌តាមព្រះពុទ្ធសាសនាផងដែរ ។
ទើបនឹងបង្ហាញនូវអារម្មណ៍សោកសៅ និង ធ្វើចិត្តពីការបាត់បង់សត្វជាទីស្រឡាញ់នេះដែរ ពិធីកររូបនេះបានបង្ហោះសារមួយទៀតហើយថា នាងនឹងឈប់ចិញ្ចឹមសត្វទៀតហើយ ព្រោះពិបាកធ្វើចិត្តនៅពេលដែលពួកវាបាត់បង់ជីវិតទៅនោះ ។
ក្នុងសារនោះដែរ ឌួង ហ្សូរីដា បានរៀបរាប់ និង ភ្ជាប់ជាមួយនឹងសត្វសុខនដែលជាសត្វចិញ្ចឹមទី ៣០ របស់នាងកំពុងចិញ្ចឹមរាល់ថ្ងៃថា «ខ្ញុំ និង ក្រុមគ្រួសារខ្ញុំគិតគ្នារួចហើយថា KOIKOI ជាកូនពៅចុងក្រោយក្នុងការចិញ្ចឹមពួកគេឱ្យនៅជាមួយ ព្រោះពេលពួកគេចាកចេញពីយើងម្តងៗ គឺហត់ចិត្ត ទួញសោក សង្រេង និង ខ្លាចការបាត់បង់នេះម្តងហើយម្តងទៀត ។ មិនដឹងមានវិធីអ្វីអាចធ្វើឱ្យពួកគេមានអាយុវែងដូចពួកយើងជាមនុស្សដែរទេ…! KOIKOI ជាកូនទី 30 ហើយសម្រាប់ការចិញ្ចឹមសត្វឆ្កែនៃក្រុមគ្រួសាររបស់ខ្ញុំតាំងពីពួកខ្ញុំនៅក្មេងៗ តាំងពីលោកឪពុកខ្ញុំនៅមានជីវឹត ។ សង្ឃឹមថាកូនទី ៣០ នេះអាយុវែងជាងគេណា KOIKOI ព្រោះជាសំណព្វចិត្តកាន់តែខ្លាំង យកតាមគ្រប់កន្លែង គ្រប់ទិសទី គ្រប់កម្មវិធី» ៕