ឆុំ វត្តី Surprise កាដូដ៏មានន័យ សម្រាប់ស្វាមីក្នុងខួបកំណើតឆ្នាំនេះ!
សម្រាប់ខួបកំណើតរបស់ស្វាមីឆ្នាំនេះ តារាសម្តែងរូបស្រស់ ឆុំ វត្តី បាន Surprise នូវកាដូជាពិសេស និង មានតម្លៃសម្រាប់ស្វាមី ធ្វើឱ្យលោក រិទ្ធហួរ រក្សា ឃើញហើយរំភើបចិត្តជាខ្លាំង ។
ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ ដោយតារាសម្តែង ឆុំ វត្តី បានរៀបចំពិធីខួបកំណើតសម្រាប់ស្វាមី តែសម្រាប់ឆ្នាំនេះពិតជាពិសេសដោយស្វាមីរបស់នាងមានការរំភើបនិង រីករាយជាខ្លាំង ព្រោះនាងបានផ្តល់នូវកាដូដ៏មានតម្លៃសម្រាប់ជីវិតគូ គឺលទ្ធផលបញ្ជាក់ថានាងកំពុងពពោះ ។ ការត្រៀមខ្លួនទទួលសមាជិកថ្មីរបស់តារាសម្តែងរូបនេះបានធ្វើឱ្យសមាជិកក្នុងគ្រួសារក៏ដូចជាអ្នកគាំទ្រមានការសាទរចំពោះដំណឹងល្អរបស់តារាសម្តែងរូបនេះ ។ ឆុំ វត្តី ត្រូវបានគេសរសើរថាជាតារាដែលមានសំណាងព្រោះមិនត្រឹមតែមានស្វាមីស្រឡាញ់យល់ចិត្តប៉ុណ្ណោះទេ ថែមទាំងមានម្តាយក្មេកដ៏ល្អផងដែរ ។
បើគិតមកដល់ពេលនេះ ឆុំ វត្តី រៀបការប្រមាណជាជិតកន្លះឆ្នាំហើយ តែជីវិតប្តីប្រពន្ធរបស់នាងពិតជាមានភាពផ្អែមល្ហែមជាខ្លាំងជារឿយៗតារាសម្បុរស្រអែមរូបនេះតែងចែករំលែកនូវរូបភាពស្វីតស្វីត តាមបណ្តាញសង្គមដែលធ្វើឱ្យអ្នកគាំទ្រមានការសរសើរស្ទើរគ្រប់គ្នា ។ គេចាំបានថាដោយសារ ឆុំ វត្តី រៀបការចំរដូវកាលកូវីដកំពុងផ្ទុះខ្លាំងកាលពីប៉ុន្មានខែមុន ទើបពិធីរបស់នាងមិនមានការជប់លៀងទទួលភ្ញៀវនៅពេលល្ងាចទេ តែយ៉ាងណានាងប្រាប់ថានឹងរៀបចំពិធីរៀបការផ្គួបជាមួយថ្ងៃចេញខែកូនតែម្តង ៕