ពេជ្រ សូលីកា និង ស្វាមី បើកក្រុមហ៊ុនថ្មីស្នាដៃកូនខ្មែរ ក្នុងបំណងគួរឱ្យសរសើរនេះ!
តាំងពីសម្រាលកូនបានរយៈពេលយូរខែមកហើយនោះ តារាចម្រៀង ពេជ្រ សូលីកា ក៏បានចាប់ផ្តើមបង្ហាញវត្តមានជាថ្មីក្នុងវិស័យសិល្ប ជាពិសេសនោះគឺការពង្រឹង និង ពង្រីកមុខជំនួញរបស់នាងផងដែរ ។
ជាក់ស្តែងកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ តារាចម្រៀងរូបនេះ និង ស្វាមី បានប្រកាសជាផ្លូវការនៃការបើកដំណើរក្រុមហ៊ុន និង ផ្គត់ផ្គង់លើទីផ្សារក្នុងប្រទេស នៃក្រុមហ៊ុនកាត់ដេរ និង បង្កើតម៉ូដសម្លៀកបំពាក់ស្នាដៃរបស់កូនខ្មែរ ដែលមានឈ្មោះថា «បុណ្យ BONH» ។
បើតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ ពេជ្រ សូលីកា បានឲ្យដឹងពីគោលបំណងរបស់ខ្លួន និង ស្វាមីពីការបង្កើតក្រុមហ៊ុននេះឡើង គឺដើម្បីលើកកម្ពស់ផលិតខ្មែរជាស្នាដៃកូនខ្មែរ និង ចូលរួមចំណែកផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់កំរៃដែលជាចំណូលរបស់ក្រុមហ៊ុននេះ នឹងត្រូវបានចែករំលែកភាគរយជួយដល់ក្មេងកំព្រាទៀតផង ។
ក្នុងសារលម្អិតនោះ តារាស្រីរូបនេះបានសរសេរថា «ពិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបង្កើតក្រុមហ៊ុន បុណ្យ «BONH» ផលិត កាត់ដេរ និង បង្កើតម៉ូដសម្លៀកបំពាក់ ដែលជាស្នាដៃរបស់កូនខ្មែរ ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងប្រទេស ។ ក្រុមហ៊ុនយើងខ្ញុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រៅប្រទេស មេត្តាចូលរួមជួយគាំទ្រផលិតផលក្រុមហ៊ុនយើងខ្ញុំ ដើម្បីលើកកម្ពស់ផលិតខ្មែរ ស្នាដៃកូនខ្មែរ ចូលរួមចំណែកផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រាក់កម្រៃដែលជាចំណូលរបស់ក្រុមហ៊ុនយើងខ្ញុំ នឹងត្រូវបានចែករំលែកភាគរយជួយដល់ក្មេងកំព្រា ។ ចំពោះមុខនេះ ក្រុមហ៊ុនយើងខ្ញុំសូមថ្លែងអំណរគុណជាអនេក ដល់ប្រធានគ្រប់គ្រងទីផ្សាអីអនម៉ល ដែលសម្រេចទទួលយកផលិតផល និង ម៉ូដសម្លៀកបំពាក់របស់ក្រុមហ៊ុនយើងខ្ញុំ ដើម្បីផ្គត់ផ្គង់បម្រើឱ្យទីផ្សាររបស់ខ្លួនគ្រប់សាខាទូទាំងព្រះរាជាណាចក្រកម្ពុជា» ៕