ទប់លែងជាប់ សួស វីសា និង ស្វាមី បង្ហោះសារទៅអ្នកពូកែទើសនាង និង កូន យ៉ាងចាស់ដៃ
កាលពីពេលកន្លងទៅ មុន និង ក្រោយសម្រាលកូនស្រីដំបូងនោះ តារាចម្រៀង សួស វីសា និង ស្វាមី លោក Tommy តែងតែបង្ហាញរូបភាពក្នុងការទិញឡានទំនើប និង ផ្ទះវីឡាយ៉ាងធំ ព្រមទាំងរូបភាពសកម្មភាពរស់នៅផ្សេងៗ បង្ហោះលើហ្វេសប៊ុក ។
ក្នុងថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះទៀត ស្វាមីភរិយាតារាគូនេះក៏បានរៀបចំកម្មវិធីបង្កក់កូនគម្រប់មួយខែ ដែលមានការទទួលស្វាគមន៍ភ្ញៀវដល់ទៅ ៣០ តុ និង ទទួលបានចំណងដៃបង្កក់សិរីយ៉ាងច្រើនសន្ធឹកផងដែរ ដោយគ្រាន់តែត្រឹមពេលសូត្រមន្តកួចដៃកូនស្រី នាងតូច ថង សាម៉ូលីណា ទទួលបានចំណងដៃ ៥ ម៉ឺនដុល្លារទៅហើយ ។
យ៉ាងណាមិញ ទើបតែកម្មវិធីចប់ទៅថ្មីៗប៉ុណ្ណោះស្រាប់តែនៅយប់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ សួស វីសា បានបង្ហោះរូបភាពមុខយ៉ាងមាំ និង សារយ៉ាងវែងផ្ញើទៅដល់អ្នកដែលបានទើសនាង ដែលបានថានាងផុសអួតសម្ញែងទ្រព្យទាំងនោះថា «តែគេមានប្តីមានកូន គេផុសរូបប្តីរូបកូនគេហើយ វាមិនដែលអាណាគេទៅផុសរូបដើមឈើទេហា៎! អាគេមានកូនគេផុសរូបកូនក៏ទើស អាគេមានប្តីគេផុសជាមួយប្តីក៏ទើស អាគេកើតកូនវះក៏ទើស គេកំណត់ថ្ងៃកើតកូនកំណត់ម៉ោងកើតកូនយកលេខហុងស៊ុយគេក៏ទើស អាគេកំណត់លេខហុងស៊ុយយកលេខ ៩ គ្រួសារគេសោះក៏ទើស អាគេមានឡានល្អជិះក៏ទើស អាគេមានផ្ទះល្អនៅក៏ទើស អាគេធ្វើបុណ្យក៏ទើស ! សុំអត់យល់ ពួកបងៗឯង ស្បថឲ្យធរណីស្រូបទៅថាបងៗឯង មិនចង់បានជីវិតដូចគេ??» ។
ទោះក្នុងសារនោះ សួស វីសា ហាក់បង្ហោះប្រើពាក្យសម្តីធ្ងន់ក៏ពិតមែន តែនាងក៏បានសូមទោសដែរថា «សូមទោស សារនេះខ្ញុំផុសផ្ញើជូនតែក្រុមបងៗបេះដូងដើមឈើរទេ ព្រោះពួកបងៗបេះដូងដើមឈើនឹង ពេលគាត់មានអ្វីៗគ្រប់យ៉ាង ប្រហែលជាគាត់មិនដែលផុសទេគាត់ផុសតែរូបដើមឈើទេមើលទៅ!
អរគុណ សូមជំរាបលា» ។
ក្នុងនោះដែរ ស្វាមីរបស់តារាស្រីរូបនេះ លោក Tommy ក៏បានសរសេរសារបញ្ចេញយោបល់ក្នុងរូបភាពភរិយាដូចគ្នាដែរថា «សារជូនពពួកមនុស្សដែលតែងតែមើលមិនឃើញពីចំណុចល្អៗរបស់គេ ហើយតែងតែមានចិត្តគិតតែរឿងអាក្រក់ៗ អាចនិយាយបានថាច្រណែន ឬក៏ពាក្យមួយទៀតគេថាមនុស្សគិតតែរឿងអគតិ ! គេធ្វើអ្វីក៏ជារឿងគេ ចង់គេក្រ ឬ មានគេកំណត់ហុងស៊ុយ មិនហុងស៊ុយអី ក៏វាជារឿងគេ ហេតុអ្វីចូលចិត្តនិយាយពាក្យថាអួតទៅវិញ កុំមានចិត្តអ៊ីចឹងអីធ្វើតែរឿងល្អៗទៅ គេ និង ក្រុមគ្រួសារគេសាងបុណ្យណាស់ ! បងប្អូនជួយស៊ែរផងបងប្អូន » ៕