អត់ធ្វើកម្មវិធីធំ តែតារាល្បីៗនៅតែជូនពរកូនសំណព្វ ឱក សុគន្ធកញ្ញា យ៉ាងមានន័យ
កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតគម្រប់ ១ ឆ្នាំ របស់កូនប្រុសកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា «អ៊ឹង បញ្ញាបុត្រ ហៅ ឆលី» ។ ក្នុងថ្ងៃខួបកំណើតនោះដែរ មហាជនអ្នកគាំទ្រហាក់មិនបានឃើញតារាស្រីរូបនេះ និង ស្វាមី រៀបចំកម្មវិធីធំដុំអញ្ជើញភ្ញៀវចូលរួមកម្មវិធីនោះទេ តែគេបានឃើញនាងនាំកូនប្រុសសំណព្វចិត្តទៅធ្វើបុណ្យនៅវត្ត ឱ្យព្រះសង្ឃប្រោសព្រំតាមប្រពៃណី ដើម្បីសុំសេចក្ដីសុខ ។
យ៉ាងណាមិញ ទោះបីជាមិនបានរៀបចំកម្មវិធីធំដុំយ៉ាងណាក៏ដោយ តែតាមការបង្ហោះរូបភាពមួយសន្លឹករបស់អ្នកស្និទ្ធស្នាលតារាស្រីរូបនេះឱ្យឃើញថា ឱក សុគន្ធកញ្ញា បានរៀបចំកម្មវិធីលក្ខណៈគ្រួសារនៅក្នុងសណ្ឋាគារលំដាប់ផ្កាយមួយកន្លែងក្នុងទីក្រុងភ្នំពេញ ដោយមានភ្ញៀវប្រមាណជា ២០ នាក់ប៉ុណ្ណោះ ។
លើសពីនោះ ទោះមិនមានភ្ញៀងចូលរួមប្រារព្ធពិធីជប់លៀងខួបកំណើតគគ្រឹកគ្រេងក្តី ប៉ុន្ដែអូន អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ត្រូវបានមិត្តភក្តិជាតារាចម្រៀងល្បីៗរបស់ម៉ាក់ៗ ឱក សុគន្ធកញ្ញា ៣ រូប ដូចជា អ្នកនាង សុគន្ធ នីសា លោក ណុប បាយ៉ារិទ្ធ និង លោក ឆន សុវណ្ណរាជ បានបង្ហោះសារជូនពរអូនតូចក្នុងថ្ងៃកំណើតយ៉ាងមានន័យផងដែរ ៕