១ ដុល្លារសម្រាប់កុមារកម្ពុជា ត្រឹម ១ ថ្ងៃទទួលបានលុយបរិច្ចាគជាង ១៣ ម៉ឺនដុល្លារ (វីដេអូ)
កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ មហាជន និង សិល្បករជាច្រើនបានផ្ទុះការចូលរួមលេង challenge ១ ដុល្លារ ដើម្បីកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ក្នុងការរៃអង្គាសជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ។
យ៉ាងណាមិញ រយៈពេលត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ ទឹកប្រាក់ដែលមានការចូលរួមលេង challenge ១ ដុល្លារ នេះ បានវេរតាមរយៈគណនីធនាគារដល់ទៅចំនួនជាង ១៣ ម៉ឺនដុល្លារបាត់ទៅហើយ ។
ក្នុងនោះដែរ សាយ ស្ថាបនិកនៃកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» បានប្រាប់មកកាន់ប្រជាប្រិយ ថា «ទឹកប្រាក់ចំនួន ១៣ ម៉ឺន ២ ពាន់ ១៥៤ ដុល្លារ ឬ ៥៤១.៨៣៤.៥៩៨ បើតាមការឲ្យដឹងពីមន្ទីរពេទ្យកុមារអង្គរ មកដល់ក្រុមការងាររបស់លោក គឺគិតត្រឹមតែរយៈពេល ២៤ ម៉ោង នៃការចាប់ផ្តើមលេង challenge នេះប៉ុណ្ណោះ ដោយគិតពីវេលាម៉ោង ៤ រសៀល ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ដល់ ម៉ោង ៤ រសៀល ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយមកដល់ ព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គឺមានចំនួនកើនច្រើនជាងមុនទៅទៀត » ។
ម្ចាស់បទ «ងប់ងល់» រូបនេះ បានបង្ហាញពីអារម្មណ៍របស់លោកទៀតថា «ខ្លួនអរស្ទើរហោះ បន្ទាប់ពីទទួលបានព័ត៌មានពីខាងមន្ទីរពេទ្យ ក្រោយពីលោកបានសម្រាកក្នុងការរត់បន្តចេញពីខេត្តបាត់ដំបង ទៅកាន់ខេត្តប៉ៃលិនកាលពីយប់មិញនេះ » ។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ សាយ បានបញ្ជាក់ថា Challenge ១ ដុល្លារ នេះ ដែរ មិនត្រឹមតែអាចជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងដំណើរកម្មវិធីរត់របស់លោកតែប៉ុណ្ណោះទេ ប៉ុន្តែទោះជារយៈពេល ៩៩ ថ្ងៃ នៃការរត់បានបញ្ចប់ Challenge ១ ដុល្លារ ដែលមានការជួយពីសំណាក់បងប្អូនប្រជាជនទាំងអស់គ្នា ក៏នៅតែបន្តលេងដើម្បីជួយដល់មន្ទីរពេទ្យរហូតទៀតផង» ។
ទន្ទឹមនឹងភាពរីករាយ និង ជាកំណត់ត្រាថ្មីក្នុងការជួយគ្នា ដើម្បីកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» នេះ សាយ ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មិត្តភក្តិ ក្រុមគ្រួសារ មហាជន ព្រមទាំងសិល្បករ សិល្បការិនី ព្រមទាំងបណ្តាសារព័ត៌មានដែលបានចូលរួមលេង និង បន្តការចែករំលែកក្តីស្រឡាញ់នេះដល់កម្មវិធីនេះផងដែរ» ៕