យប់មិញ រឿន ណាត និង សំណាង អេលីណា មិនចាវគ្នាទេ ស្រស់ស្អាតផ្តាច់គេឯង
កាលពីរាត្រីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ គឺជាវគ្គប្រកួតបឋមនៃកម្មវិធីប្រកួតសម្រស់ និង សមត្ថភាពដ៏ធំប្រចាំប្រទេសកម្ពុជា Miss Universe 2020 ដោយពីកម្មវិធីបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយការបង្ហាញចេញរបស់បេក្ខនារីទាំង ២០ រូប ជាពិសេសនោះគឺការបង្ហាញក្នុងឈុតតំណាងជាតិដ៏ស្រស់ស្អាតទាំង ២០ ឈុតនោះ ។
ជាមួយកម្មវិធីប្រកួតបឋមកាលពីយប់មិញនេះដែរ អ្នកគាំទ្រក៏បានចាប់អារម្មណ៍លើបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៨ និង ២០១៩ គឺកញ្ញា រឿន ណាត និង កញ្ញា សំណាង អេលីណា ផងដែរ ដោយអតីតបវរកញ្ញាចក្រវាលកម្ពុជាទាំងពីររូបនេះ បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត និង ទាក់ទាញណាស់ ។
ងាកមើលបវរកញ្ញា រឿន ណាត ដែលកាលពីយប់មិញគឺជាគណៈកម្មការដាក់ពិន្ទុបេក្ខភាពបវរកញ្ញាទាំង ២០ រូបនោះ បានបង្ហាញខ្លួនក្នុងឈុតរាត្រីសមោសរច្នៃពីហូលផាមួងខ្មែររំលេចក្រឡាគោមល្អល្អះ និង ចាប់ជីបជាមួយស្បៃពណ៌លឿងទុំជាម៉ូដយ៉ាងស្រស់ស្អាត ដែលតាមរយៈឈុតនោះបានលើកសម្រស់បវរកញ្ញាឆ្នាំ ២០១៨ រូបនេះ កាន់តែស្រស់ទ្វេឡើង និង ទាក់ទាញខ្លាំង ។
ចំពោះបវរកញ្ញា សំណាង អេលីណា វិញ ក្នុងនាមជាពិធីការិនីសម្របសម្រួលរបស់កម្មវិធីយប់មិញនេះ ក៏មានភាពលេចធ្លោខ្លាំងគួរឱ្យចាប់អារម្មណ៍ដែរ ។ ក្នុងឈុតរ៉ូបរាត្រីសមោសរពណ៌លឿងស្រស់ រំលេចអង្កាំពណ៌ភ្លឺផ្លេកវែងអូសដីនោះ ក៏បានលើកសម្រស់នាងឱ្យមានភាពទាក់ទាញក្នុងក្រសែភ្នែកអ្នកគាំទ្រជាច្រើនផងដែរ ៕