ជាតារាល្បីមែនតែ ម៉ាក សែនសូនីតា ធ្វើពិធីចេញខែកូនប្រុសយ៉ាងសាមញ្ញាបំផុត
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា និង ស្វាមីគឺលោក ប៉ុល វិបូ បានរៀបចំធ្វើពិធីចេញខែកូនប្រុសដំបូងរបស់ខ្លួន ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ ពិធីចេញខែកូនប្រុសរបស់តារាស្រីរូបនេះ និង ស្វាមី បានធ្វើឡើងមានលក្ខណៈសាមញ្ញធម្មតា មិនមានពិធីអ្វីធំដុំឡើយ បើទោះជាខ្លួន និង ស្វាមីជាអ្នកមានទ្រព្យស្តុកក្តី ។
នៅលើទំព័រហ្វេសប៊ុករបស់តារាសម្តែង ម៉ាក សែនសូនីតា បានរៀបរាប់ឱ្យដឹងថា «ធ្មេចបើកៗ… បូនីតតូ បាន ១ ខែហើយ ។ ថ្ងៃនេះចេញខែកូន លោកតាលោកយាយ និង ប៉ាម៉ាក់ជូនពរកូនឱ្យមានសុខភាពល្អមាំមួន ប្រាជ្ញាវាងវៃ មានគេអាណិតស្រឡាញ់ថែរក្សាគ្រប់ទិសទី ស្រឡាញ់កូនណាស់…» ។
ទោះបីថាមិនមានការរៀបចំធំដុំពិតមែន ប៉ុន្តែពិធីចេញខែកូនប្រុសដំបូងរបស់តារាសម្តែង ម៉ាក សែនសូនីតា និង លោក ប៉ុល វិបូ ពិតជាបានធ្វើឡើងប្រកបដោយអត្ថន័យ ដោយទារករូបនេះត្រូវបានជីដូនជីតា ញាតិមិត្ត ប៉ា និង ម៉ាក់ៗ ជូនពរចងដៃយ៉ាងកក់ក្តៅ និង មើលទៅពិតជាមានសុភមង្គលណាស់ ។
គួរឱ្យដឹងដែរថា តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បានសម្រាលកូនប្រុសដំបូងកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ តាមធម្មជាតិដោយជោគជ័យ ហើយកូនប្រុសដំបូងរបស់តារាស្រីរូបនេះ ត្រូវបានដាក់ឈ្មោះថា ប៉ុល បូនីតតូ ៕