មុនឈានដល់ការចាប់ខ្លួន ពិធីករល្បី ភោ សុផានិត ត្រូវដីកាបង្គាប់ឱ្យចូលខ្លួន ២ ដងមកហើយ
កាលពីល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីពិធីករល្បីឈ្មោះ ភោ សុផានិត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ។
យ៉ាងណាមិញ តាមដីកាបង្គាប់ឱ្យនាំខ្លួន ដែលបានធ្វើឡើងតាំងពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ បានរៀបរាប់ពាក់ព័ន្ធ ការបង្គាប់ឱ្យលោក ភោ សុផានិត ចូលខ្លួនមកដោះស្រាយចំនួន ២ លើក មកហើយ ដោយលើកទី ១ កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០ និង លើកទី ២ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ តែដោយសារជនត្រូវចោទ ខាងលើនេះ មិនបានបង្ហាញខ្លួនចំពោះមុខតុលាការទាល់តែសោះ ។ ហេតុដូច្នេះទើប តុលាការគប្បីនាំខ្លួនជនត្រូវចោទឈ្មោះ ភោ សុផានិត មកបង្ហាញខ្លួន នៅចំពោះមុខតុលាការ ។
គួរឲ្យដឹងថា បច្ចុប្បន្ន ជនត្រូវចោទ ត្រូវបានបញ្ជូនទៅតុលាការដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕