ឧកញ៉ា ប៊ុន រតនា ថាការផុសរឿងអវិជ្ជមានក្នុងគ្រួសារលើហ្វេសប៊ុកជាក្តីអាម៉ាស់ និង ជាគំរូមិនល្អ
រយៈពេលប្រមាណជាងមួយឆ្នាំហើយ ដែលអតីតអ្នកដឹកនាំសម្ដែងល្បី ឧកញ៉ា ប៊ុន រតនា និង អតីតតារាសម្តែង លី ឈី បានរៀបការជាមួយគ្នាកាលពីខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ ហើយបច្ចុប្បន្នស្វាមីភរិយាមួយគូនេះ ទទួលបានចំណងដៃកូនស្រីម្នាក់ផងដែរ ។
ក្រោយពីរៀបការរួចហើយនោះ អតីតតារាស្រី លី ឈី ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តសិល្បសរសើរមិនដាច់មាត់ក្រោយពីរៀបការរួច បានប្តូរងារជាជំទាវភ្លាមៗ ព្រមទាំងរស់នៅដោយមានសុភមង្គលក្រោមការមើលថែ ផ្តល់ក្តីស្រឡាញ់ពីស្វាមីផងនោះ ។
ថ្មីៗនេះស្រាប់តែ ឧកញ៉ា ប៊ុន រតនា បានទម្លាយការពិតពីរឿងរ៉ាវក្នុងគ្រួសាររបស់លោកថា ក៏ធ្លាប់មានភាពមិនចុះសម្រុងនឹងគ្នាដែរ ប៉ុន្តែលោក និង ភរិយា មិនដែលផុសឲ្យអ្នកផ្សេងដឹងនោះទេ ព្រោះហេតុផលមួយចំនួន ។
លោកឧកញ៉ា ប៊ុន រតនា បានរៀបរាប់ថា « គ្រួសារនេះ ឃើញផុសតែស្នាមញញឹម តើធ្លាប់កើតទុក្ខទេ ? ធ្លាប់មិនចុះសម្រុងទេ ? បើប្រាប់ថាអត់ក៏មិនជឿរដែរ ! បើធ្លាប់ ចុះហេតុអ្វីមិនផុស ? អត់ផុសទេ ព្រោះខ្លាចបងប្អូនឃើញហើយពិបាកចិត្ត និយាយលេងទេ ។ ការពិតរឿងអវិជ្ជមានគ្រួសារ គឺជារឿងកិត្តិយស បើអត់បានគួរតែកុំផុសអី ផុសទៅក៏អត់ចំនេញដែរ មានតែក្តីអាម៉ាស់ និង ការពេបជ្រាយប៉ុណ្ណោះ ! ណាមួយរូបភាពអវិជ្ជមាន មិនគួរបង្ហាញលើបណ្តាញសង្គមទេ ព្រោះវាជាគំរូមិនល្អដល់ក្មេងជំនាន់ក្រោយ » ៕