ផ្ទុះការសង្ស័យ! បទដំបូងរបស់ យូរី នៅហង្សមាស បែរជាការនិពន្ធបទភ្លេងដោយ បូទី ទៅវិញ (វីដេអូ)
ទើបតែធ្វើឲ្យមហាជនអ្នកគាំទ្រមានសង្ស័យពីវត្តមានរបស់តារាចម្រៀង យូរី នៅក្នុងវីដេអូខ្លីរបស់ផលិតកម្មរស្មីហង្សមាស និង ជឿជាក់ថាអតីតតារាចម្រៀងផលិតកម្មសាន់ដេរូបនេះ នឹងឈានជើងចូលផលិតកម្មធំនេះជាក់ជាមិនខាន ។ មិនយូរប៉ុន្មានស្រាប់តែនៅយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ យូរី បានបង្ហាញបទចម្រៀងថ្មីរបស់ខ្លួន នៅក្នុងផលិតកម្មរស្មីហង្សមាសពិតមែន ។
បទចម្រៀងដំបូង នៅក្នុងដំបូលផលិតកម្មថ្មីនេះដែរ មានចំណងជើងថា «ផាំងៗ» របស់ យូរី ហាក់ទទួលបានការទាក់ទាញយ៉ាងខ្លាំងទាំងសាច់រឿងក្នុង MV និង សាច់ភ្លេងផងដែរ ។
អ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍ទៀតនោះ គេបានសង្កេតឃើញថាបទចម្រៀងថ្មីរបស់តារាស្រីរូបនេះ គឺមានការសម្រួលតន្ត្រីដោយតារាចម្រៀងប្រចាំផលិតកម្មសាន់ដេមួយរូបទៀតគឺ លោក បូទី ដែលនេះជាហេតុមានការចោទសួរថា «យូរី បានដឹកដៃទាំងតារាចម្រៀង និង និពន្ធ បូទី មកកាន់ទ្រនំហង្សមាសជាមួយគ្នាឬ?» ។
ទាក់ទងនឹងការលើកឡើងខាងលើនេះដែរ ទោះតារាប្រុសស្រីទាំងពីរមិនបានឆ្លើយតបក្តី តែអ្នកគាំទ្រប្រាកដចិត្តយ៉ាងច្បាស់ថាជាការពិតក្រោយពី តារាចម្រៀង និង អ្នកនិពន្ធ បូទី បានបញ្ចេញមតិរបស់ខ្លួននៅក្នុងបទចម្រៀងថ្មីរបស់ យូរី ដែលបានបង្ហោះលើ Youtube ផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសថា «អគុណច្រើនបងប្អូនទាំងអស់គ្នា ខ្ញុំនឹងព្យាយាម និពន្ធបទភ្លេងល្អៗ និងមានគុណភាពបន្ថែមទៀត»៕