ស្ងាត់ការងារសិល្បៈ តារាចម្រៀងហង្សមាស ៣ រូប ងាកមកបោះទុនបង្កើតជំនួញរួមគ្នា
ក្រៅពីអាជីពសិល្បៈ ចុងក្រោយនេះគេសង្កេតឃើញអ្នកសិល្បៈជាច្រើនបាននាំគ្នាបោះទុនបង្កើតរបរបន្ថែមជាបន្តបន្ទាប់ តួយ៉ាងតារាប្រុសបីដួងប្រចាំផលិតកម្មហង្សមាសបានសម្រេចបោះទុនរួមគ្នាបង្កើតរបរបន្ថែមដែលកំពុងពេញនិយមគឺអចលនៈទ្រព្យ ។
តារាចម្រៀងប្រុសទាំងបីរូបនោះមានដូចជាលោក នៅ ស៊ីនឿន ថែល ថៃ និង តារាចម្រៀង គ្រី ថៃពៅ បានងាកមកបង្កើតជំនួញអចលនទ្រព្យពុះដីឡូត៍លក់ ដែលពេលនេះកំពុងចាប់ផ្តើមដំណើរការហើយ បើទោះមិនទាន់បានជោគជ័យជាដុំកំភួនតែតារាប្រុសបីរូបនេះរំពឹងថាការងារមួយនេះនឹងកាក់កបមិនចាញ់អាជីពចម្រៀងរបស់ពួកគេប៉ុន្មានឡើយ ។
ប្រុសស្អាតទាំងបីរូបបានងាកមកបណ្តាក់ទុកលើការពុះដីឡូត៍លក់ ក្រោយពីការងារចម្រៀងរបស់លោកនៅក្នុងរដូវកាលកូវីដ ១៩ ហាក់មានភាពស្ងប់ស្ងាត់ច្រើន ហើយមួយវិញទៀតតារាចម្រៀងថ្មីៗនៅផលិតកម្មចេះតែរីកដុះដាលជាបន្តបន្ទាប់ តែយ៉ាងណាលោក ថែល ថៃ និង គ្រី ថៃពៅ បានងាកមកថតរឿងភាគទូរទស្សន៍ហង្សមាសផងដែរ ។ ដោយឡែក នៅ ស៊ីនឿន មិនទាន់មានឱកាសបង្ហាញវត្តមាននៅក្នុងរឿងភាគនៅឡើយទេ ៕