គួរឱ្យសរសើរ! ប៉ុន្មានខែនេះ ស៊ីន យូប៊ីន បរិច្ចាគប្រាក់ជាង ២ ម៉ឺនដុល្លារ ដល់កម្ពុជា
តារាសម្ដែងស្រីវ័យក្មេងដ៏ឆ្នើម ស៊ីន យូប៊ីន កំពុងត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ពីទឹកចិត្តដ៏ល្អប្រពៃ ចេះជួយយកអាសាដល់បងប្អូនជនរួមជាតិដែលកំពុងជួបទុក្ខ ក្រលំបាក ឬកំពុងមានជីវភាពខ្សត់ខ្សោយ ជាពិសេសពេលប្រទេសជាតិកំពុងជួបប្រទះនូវគ្រោះធម្មជាតិផ្សេងៗ តារាស្រីរូបនេះ តែងតែចេញមុខបញ្ចេញថវិកាផ្ទាល់ខ្លួនបរិច្ចាគទឹកប្រាក់ច្រើនក្រាស់ក្រែលជានិច្ច ។
តួយ៉ាងនៅឆ្នាំ ២០២០ នេះ ពិភពលោកទាំងមូលបានជួបប្រទះនូវការរីករាតត្បាតនៃវីរុសដ៏កាចសាហាវកូវីដ ១៩ ដែលក្នុងនោះប្រទេសកម្ពុជាផងនោះ តារាសម្ដែង ស៊ីន យូប៊ីន មិនឱបដៃឈរមើលឡើយ ដោយនាងបានចូលរួមបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ៤ ០០០ ដុល្លារជូនដល់រាជរដ្ឋាភិបាលកម្ពុជា កាលពីខែមីនា ឆ្នាំ ២០២០ ។
មកដល់ថ្ងៃទី ១៥ ខែតុលា ២០២០ កន្លងទៅនេះ ស៊ីន យូប៊ីន បានបរិច្ចាគទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនដល់មាតុប្រទេសជាថ្មី ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់នៅស្ទើរទូទាំងប្រទេស ។ ដោយឡែកនៅដើមខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាសម្ដែងស្រីពោរពេញដោយទឹកចិត្តសប្បុរសធម៌ បានធ្វើឱ្យមហាជនកោតសរសើរចំពោះទឹកចិត្តដ៏ល្អបរិសុទ្ធរបស់នាងម្ដងទៀត ដោយនាងបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៨ ០០០ ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលដៅជួយសង្គ្រោះ និង លើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា ៕