អតីតតារាប្រចាំទូរទស្សន៍ TVB តារាសម្ដែង Sammul Chan ត្រូវបានឲ្យដឹងថា បានសម្រេចបញ្ឈប់អាជីពសិល្បៈ ក្រោយរូបលោកបានកើតជំងឺម៉្យាងមិនអាចព្យាបាលបាន ។
តារាសម្ដែងវ័យ ៤៤ ឆ្នាំ ដែលប្រិយមិត្តកម្ពុជាភាគច្រើនស្គាល់ក្នុងនាមជាតួអង្គ «ជាំងជឺយ៉ា» ប្រចាំភាពយន្ត «យុទ្ធសិល្ប៍ទេវបុត្រណាចា» បានកើតជំងឺខួរក្បាលម៉្យាងហៅថា cerebrovascular disease តាំងពីឆ្នាំ ២០១៨ អំឡុងពេលរូបលោកទៅធ្វើតេស្តសុខភាពនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ ។
ក្រុមវេជ្ជបណ្ឌិតបានប្រាប់លោកថា លោកបានបាត់បង់សរសៃឈាមសំខាន់មួយក្នុងខួរក្បាល ហើយអាការៈនៃជំងឺលោកនេះ គឺមិនអាចព្យាបាលបានឡើយ ។ ពេលត្រឡប់មកកាន់ក្រុងហុងកុងវិញ លោកបានធ្វើការពិនិត្យសុខភាពម្ដងទៀត ដោយលើកនេះបង្ហាញថា ជំងឺលោកគឺជាជំងឺតពូជ ហើយវាអាចនឹងប៉ះពាល់សុខភាពលោក នៅពេលលោកចាស់ទៅ ។
ការកើតជំងឺមួយនេះ បានប៉ះពាល់ផ្លូវចិត្ត Sammul ជាខ្លាំង រហូតមានពេលមួយ អំឡុងដំណើរកម្សាន្តមុជលេងបាតសមុទ្រ លោកចង់មុជចុះទៅជម្រៅឲ្យជ្រៅ ដើម្បីបញ្ចប់ជីវិតខ្លួនទៀតផង ។ ដោយក្ដីបារម្ភ ក្រុមគ្រួសាររបស់លោក បានលើកទឹកចិត្ត ឲ្យលោកចាប់ផ្ដើមទៅចូលព្រះវិហារជាថ្មី ខណៈរូបលោកបានផ្ដាច់ខ្លួនពីសានាក្នុងពេលប៉ុន្មានឆ្នាំមកនេះ ដោយក្រោយមក លោកក៏បានធូរស្រាលផ្លូវចិត្តជាងមុន និងសម្រេចចិត្តជួយមនុស្សដទៃដែលមានបញ្ហាដូចលោកផងដែរ ៕
ប្រភព៖ todayonline