កូនពីរទៅហើយ ខ្ញុង ទើបសារភាពថា ធ្លាប់ចង់បានតារាជើងចាស់ ទេព រិន្ទដារ៉ូ ធ្វើប្ដី
ជឿជាក់ថា ប្រិយមិត្តទស្សនិកជនទាំងចាស់ក្មេងស្ទើរតែពេញមួយប្រទេសខ្មែរ ភាគច្រើនសុទ្ធតែស្គាល់ច្បាស់ពីវត្តមានតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាពលោក ទេព រិន្ទដារ៉ូ ហើយក្នុងនោះ គេក៏ជឿទៀតថា ប្រិយមិត្តក៏ធ្លាប់បានទស្សនាការសម្ដែងដ៏ប៉ិនប្រសប់របស់លោកជាក់ជាមិនខាន ។
ទេព រិន្ទដារ៉ូ ជាតួកុនដែលល្បីល្បាញខ្លាំងណាស់ ព្រោះលោកមិនត្រឹមតែមានទេពកោសល្យសម្ដែងល្អឥតទាស់ទេ ចំណែកឯរូបរាងក៏ស្រស់សង្ហាដាច់គេ ធ្វើឱ្យអ្នកគាំទ្រនារីៗទាំងចាស់ទាំងក្មេងបាក់ចិត្តស្រឡាញ់ដកចិត្តមិនរួចដែរកាលពីជំទាន់នោះ ។ មិនដល់រូបរាងសង្ហាមានស្រីៗចោមរោមស្រឡាញ់ ថ្មីៗនេះ តារាកំប្លែង នាងខ្ញុង ស្រាប់តែសារភាពច្បាស់ៗឥតលាក់លៀមតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា កាលពីក្មេងនាងធ្លាប់គិតចង់បាន ទេព រិន្ទដារ៉ូ ធ្វើជាប្ដី ។
ខ្ញុង បានបង្ហោះរូបថតតារាជើងចាស់ពីររូបដែលជា Idol ក្នុងចិត្តខ្លួនគឺ អ្នកនាង អម្ពរ ទេវី និង លោក ទេព រិន្ទដារ៉ូ ព្រមទាំងឆ្លៀតសារភាពធ្លាប់ចង់បានតារាប្រុសខាងលើជាប្ដីថា «តារាក្នុងដួងចិត្ត ស្រឡាញ់ណាស់មិនដែលប្រែប្រួលចិត្តរហូតដល់ពេលនេះ កាលនៅក្មេងធ្លាប់គិតចង់បានពូ ទេព រិន្ទដារ៉ូ ធ្វើប្ដីហាសហា និយាយមែនតើកាលនៅអាយុ ១០ ឆ្នាំស្រឡាញ់ពូខ្លាំងណាស់ ទីបំផុតបានថតកុនជាមួយពូ» ៕