នៅសុខៗ សុខ ស្រីមុំ បង្ហោះរូបកាលនៅក្មេង និង បង្ហោះសារបែបនេះ
បច្ចុប្បន្ននេះ ទោះជាតារាសម្តែងថ្មីៗជាច្រើនបានរះព្រោងព្រាត និង មានសម្ថភាពទទួលបានភាពល្បីល្បាញក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្រនៅតែចងចាំនូវស្នាដៃ ទេពកោសល្យរបស់តារាសម្តែងជើងចាស់ដូចដើម ជាពិសេសគឺតារាសម្តែងនៅក្នុងទសវត្សរ៍ ៨០ និង ៩០ ជាដើមនោះ ។
ជាក់ស្តែង តារាសម្តែងដែលមានភាពល្បីល្បាញនៅក្នុងទសវត្សរ៍ ៨០ និង ៩០ មួយចំនួន បន្តរស់នៅឯប្រទេសកម្ពុជា ឯខ្លះទៀតបានចាកចេញទៅរស់នៅក្រៅប្រទេសផងដែរ ក្នុងនោះក៏មានដូចជាតារាសម្តែង សុខ ស្រីមុំ ជាដើម ។ ទោះជាចាកចេញទៅរស់នៅឯក្រៅប្រទេសប្រមាណជាង ២០ ឆ្នាំហើយក្តី តែអតីតតារាភាពយន្ត និង សម្តែងចម្រៀងកាយវិការ សុខ ស្រីមុំ នៅតែស្ថិតក្នុងចិត្តអ្នកគាំទ្រដូចដើម ដោយបច្ចុប្បន្នអ្នកគាំទ្របានបង្ហាញក្តីនឹករឭកហូរហែដល់តារាជើងចាស់រូបនេះ ។
យ៉ាងណាមិញថ្មីៗ អតីតតារាភាពយន្ត សុខ ស្រីមុំ បានបង្ហោះរូបភាពមួយសន្លឹក ពេលដែលអ្នកនាងបានសម្តែង កាលរស់នៅក្នុងប្រទេសកម្ពុជា និង បានសរសេរពាក្យមួយឃ្លាជាភាសាអង់គ្លេសថា «OMG I see this – now I feel old! -change to gramma one day!» ដោយមានន័យថា «ព្រះអើយ! ខ្ញុំមានអារម្មណ៍ចាស់ហើយ! នឹងប្តូរក្លាយជាលោកយាយថ្ងៃណាមួយ» ។
ស្របនឹងរូបភាព ព្រមទាំងសារបង្ហោះនោះដែរ សុខ ស្រីមុំ នៅតែមានការចូលរួមបញ្ចេញមតិថា អ្នកនាងនៅតែស្រស់ស្អាតដូចដើម សម្រស់មិនប្រែនោះទេ បើតាមរូបភាពពេលបច្ចុប្បន្នរបស់លោកស្រី ។
គួររំឭកថា អ្នកនាង សុខ ស្រីមុំ បានសាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងទស្សវត្សរ៍ ៨០ និង ៩០ ដោយខ្សែភាពយន្តភាគច្រើន អ្នកនាងបានសម្តែងជាតួឯកដូចជារឿង «ឆ្អឹងអណ្តែត» រឿង «នាងរំសាយសក់» «ទេពអប្សរគ្មានឋានសួគ៌» និង ខ្សែភាពយន្តជាច្រើនទៀត ។ សព្វថ្ងៃលោកស្រី សុខ ស្រីមុំ រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ៕