លោក ហេង ឡុង ទម្លាយថាលោក ម៉ៅ ធនារក្ស បានធ្វើរបងថ្មី និងរុះរើផ្ទះចាំដីលោក ព្រាប សុវត្ថិ (វីដេអូ)
មកដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ករណីដីធ្លីលោក ព្រាប សុវត្ថិ ដែលលោក ហេង ឡុង បាននិយាយថាលោក ម៉ៅ ធនារក្ស បានរំលោភបំពាននៅខេត្តមណ្ឌលគិរី បានឡើងកំដៅកាន់តែខ្លាំងឡើងហើយ បន្ទាប់ពីលោក ម៉ៅ ធនារក្ស បានចេញលិខិតស្រាយបំភ្លឺថាមិនមែនជាការពិតនោះ ។
ស្របពេលរឿងរ៉ាវកំពុងស្ថិតក្នុងដំណើរការផ្លូវច្បាប់ ដោយមិនទាន់ច្បាស់ថាដីមួយកន្លែងនោះជាកម្មសិទ្ធិរបស់ភាគីណានោះ ស្រាប់តែកាលពីម៉ោង ៨ និង ២០ នាទីយប់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ហេង ឡុង បានបង្ហោះសារមួយទៀតបង្ហាញថា លោក ម៉ៅ ធនារក្ស បានឱ្យក្រុមការងារចូលធ្វើសកម្មភាពរុះរើផ្ទះចាំដីរបស់លោក ព្រាប សុវត្ថិ នៅលើដីជម្លោះទាំងមិនទាន់មានដំណោះស្រាយ ។
លោក ហេង ឡុង បានរៀបរាប់អមជាមួយការបង្ហោះជាវីដេអូថា «នេះគឺជារបងធ្វើថ្មីរបស់លោក ម៉ៅ ធនារក្ស និងបានរុះរើផ្ទះចាំដីរបស់លោក ព្រាប សុវត្ថិ នៅលើដីជម្លោះទាំងមិនទាន់មានដំណោះស្រាយ! ការស្រាយបំភ្លឺដ៏ទន់ភ្លន់នេះ ហាក់ដូចមិនស៊ីចង្វាក់នឹងសកម្មភាពបំពានទាំងកំរោលទាល់តែសោះ បើបងពិតជាចង់ដោះស្រាយតាមផ្លូវច្បាប់មែន ហេតុអ្វីក្រុមការងាររបស់បងចូលទៅធ្វើសកម្មភាពម្ដងជាពីរដង ហើយថែមទាំងធ្វើរបងព័ទ្ធជុំវិញទាំងដែលដីនេះកំពុងមានជម្លោះ ។ តើនេះជាទង្វើត្រឹមត្រូវតាមផ្លូវច្បាប់ដែរឬទេ? លោក ព្រាប សុវត្ថិ បានដាក់ពាក្យសុំរក្សាការពារនៅឯសាលាដំបូងខេត្តមណ្ឌលគីរីតាំងពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ សង្ឃឹមថានឹងទទួលបានការសម្រេចពីតុលាការឆាប់ៗនេះ» ។
លោក ហេង ឡុង បានបន្តទៀតថា «មុននឹងលោក ព្រាប សុវត្ថិ សម្រេចចិត្តមកពឹងពាក់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានខ្ញុំបាទជាប្រធាន គាត់ហាក់ដូចជាអស់ជំនឿលើអាជ្ញាធរខេត្តមណ្ឌលគិរី ក្នុងការរកយុត្តិធម៌ជូនគាត់ហើយ នេះគឺជាជម្រើសចុងក្រោយដែលគាត់ជឿជាក់ថា នឹងអាចមានយុត្តិធម៌សម្រាប់រូបគាត់ ។ សេចក្ដីបំភ្លឺនេះ គ្រាន់ជាលេះការពារភាពស្អាតស្អំប៉ុណ្ណោះ សូមបងប្អូនអញ្ជើញទស្សនារូបភាពរបងថ្មី ដែលគូជម្លោះបានធ្វើហ៊ុព័ទ្ធ និងគ្រប់គ្រងដីដែលកំពុងតែមានជម្លោះ» ៕