សាមញ្ញៗតែ សុគន្ធ និសា ពោរពេញទៅដោយក្តីសុខ ថ្ងៃខួបអាពាហ៍ពិពាហ៍ ៣ ឆ្នាំ
ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ តារាចម្រៀងមុខស្រទន់ សុគន្ធ និសា បានរៀបចំពិធីខួបអាពាហ៍ពិពាហ៍របស់ ខ្លួនសាមញ្ញៗជាមួយស្វាមីលោក ចៅ សម្បត្តិ ត្រឹមនំខេកមួយប៉ុណ្ណោះ តែយ៉ាងណាមហាជនមើលទៅ ពោរពេញទៅដោយក្តីស្រឡាញ់ និងភាពកក់ក្តៅជាខ្លាំង។ អ្វីដែលពិសេសបំផុតនោះ នាងក៏មានបទចម្រៀងដល់ទៅ ២ បទ ធ្វើជាចំណងដៃសម្រាប់ ស្វាមី និង អ្នកគាំទ្រ នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនទៀតផង។
ធ្មេចបើកៗ សុគន្ធ និសា រៀបការបានប្រមាណជាបីឆ្នាំហើយសម្រាប់ខួបអាពាហ៍ពិពាហ៍ឆ្នាំនេះ នាងបានបង្ហាញនូវរូបភាពយ៉ាងផ្អែមល្ហែមបំផុតជាមួយស្វាមី។ ក្នុងនោះក៏មានហ្វេនៗជាច្រើន បានជូនពរឱ្យជីវិតគូរបស់តារាចម្រៀងរូបនេះ កាន់តែរឹងមាំ ជាពិសេសឆាប់មានដំណឹងល្អទៅតាមបំណងប្រាថ្នាផងដែរ ។
ថ្វីដ្បិតមិនសូវចូលចិត្តបើកចំហពីជីវិតឯកជនក៏ពិតមែនតែ ជីវិតគូរបស់ សុគន្ធ និសា ពិតជាពោរពេញ ទៅដោយភាពកក់ក្តៅជាខ្លាំង ដែលជារឿយៗនាងតែងទទួលបានការលើកទឹកចិត្ត ស្រឡាញ់ និង ផ្តល់កម្លាំងចិត្តពីសំណាក់ស្វាមី បើទោះពេលនេះនាងមិនទាន់សម្រេចបំណងមានកូនដំបូងជាមួយគ្នាជាចំណងដៃក្តី៕
រូបថត ៖ ហ្វេសប៊ុក