នាំគ្នាឆ្ងល់កូនស្រី ឌី សូនីតា មុខដូចបារាំង ពេលនេះនាងទម្លាយការពិតហើយ
ដូចប្រិយមិត្តភាគច្រើនបានជ្រាបរួចមកហើយថា កាលពីខែ តុលា ឆ្នាំ ២០២០ កន្លងមក តារាសម្ដែងស្រីរូបស្រស់ ឌី សូនីតា ស្រាប់តែទម្លាយដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដល់សាធារណជន គឺនាងកំពុងពពោះជិតគ្រប់ខែ ដែលឪពុករបស់ក្មេងក៏ជាដៃគូស្និទ្ធស្នាលរបស់នាងបំផុតគឺលោក អេឡិច ហ្សូរ៉ា ។
ដ្បិតតែមិនទាន់ឮសំឡេងភ្លេងការ ឌី សូនីតា ស្រាប់តែពពោះ និង សម្រាលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះ ហ្សូតា ម៉ីហាណា ប៉ុន្ដែទស្សនិកជន មិត្តភក្ដិក្នុងរង្វង់សិល្បៈជាច្រើន ហាក់នៅតែចូលរួមត្រេកអរជាមួយនាង ព្រមទាំងស្វាគមន៍សមាជិកថ្មីប្រកបដោយភាពកក់ក្ដៅទៀតផង តែទន្ទឹមនឹងនោះ មហាជនមួយចំនួនក៏ផ្ទុះចម្ងល់តៗ ទៅលើមុខមាត់កូនស្រី ឌី សូនីតា ដែលមានច្រមុះស្រួច សាច់សខ្ចីដូចកូនកាត់បារាំង ។
ដើម្បីបញ្ចប់មន្ទិលសង្ស័យខាងលើទាក់ទងនឹងមុខមាត់កូនស្រីមិនដឹងកាត់ទៅណា ថ្មីៗនេះ តារាសម្ដែង ឌី សូនីតា បានចេញមកបកស្រាយការពិត តាមរយៈសារខ្លីមួយនៅលើគណនីហ្វេសប៊ុកថា កូនស្រីរបស់នាង គឺកាត់ស្វីសតាមលោកយាយទួតរបស់គេ មិនមែនកាត់បារាំងទេ «ថាអូនដូចកូនបារាំង តែមិនមើលមុខយាយទួតអូនសោះ កូនកាត់ស្វីស» ៕