តួ «ផ្កាថ្ម» បញ្ចប់មន្ទិលរឿងរូបចូលរោងការជាមួយតារាចម្រៀង ឃីង សាន់
អ៊ួន វ៉ាន់ វីតា មិនត្រឹមតែមានសមត្ថភាពក្នុងការសម្តែងម្យ៉ាងនោះទេ តួអង្គយុវវ័យ មានជំនាញសម្តែងបង្ហូរទឹកភ្នែក ដែលមហាជនបានស្គាល់ថាជានាង « ផ្កាថ្ម» ក៏បានចាប់យកអាជីពជាតារាចម្រៀង និង ហ្វឹកហាត់ផ្នែករបាំផងដែរ ។ ពេលកន្លងមកនេះ នាងបានចេញនូវបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទមកហើយដូចជាបទ «មនុស្សក្នុងបេះដូងអូន» បទ «សុំទោសសង្សាររោងចក្រ» និង បទចម្រៀងជាច្រើនទៀតផងដែរ ។
ទន្ទឹមនឹងការតាមដានជីវិតសិល្បរបស់តារាវ័យក្មេងរូបនេះ អ៊ួន វ៉ាន់វីតា ក៏ត្រូវបានមហាជនចាប់អារម្មណ៍នឹងជីវិតឯកជនរបស់នាងផងដែរ ។ ក្នុងនោះគេបានសង្កេតឃើញថា តួអង្គកុមារី «ផ្កាថ្ម» នេះ ហាក់មានទំនាក់ទំនងលើសពីមិត្តជាមួយនឹងតារាចម្រៀង ឃីង សាន់ ក៏ព្រោះគេបានសង្កេតឃើញថាអ្នកទាំងពីរតែងទៅណាមកណាជាមួយគ្នា និង បង្ហាញភាពផ្អែមល្ហែមគ្រប់ពេល ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះដែរ អ៊ួន វ៉ាន់វីតា បានបង្ហោះរូបភាពក្នុងឈុតប្រពៃណី ជាមួយនឹងតារាចម្រៀង ឃីង សាន់ ដោយមានអក្សរនៅពីក្រោយដាក់ថា «សិរីសួស្តីអាពាហ៍ពិពាហ៍» បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមយល់ថាអ្នកទាំងពីរ បានដឹកដៃគ្នាចូលរោងការហើយ ។
យ៉ាងណាមិញ បើតាមការឲ្យដឹងមកកាន់ «ប្រជាប្រិយ» វ៉ាន់វីតា បានប្រាប់ការពិតថា «រូបក្នុងឈុតប្រពៃណីនោះ មិនមែននៅក្នុងថ្ងៃរៀបការរបស់នាង និង តារាចម្រៀង ឃីង សាន់ នោះទេ ។ តាមពិតទៅ អ្នកទាំងពីរបានចូលរួមជាអ្នកកំដរក្នុងថ្ងៃរៀបការរបស់អ្នកមីងនាងតែប៉ុណ្ណោះ» ៕