អ្នកណាមិនអៀន! ពិធីករ មូល សារ៉ាវ៉ាន់ សុំគូស្នេហ៍រៀបការជាសាធារណៈ ឡើងផ្អែមល្ហែម!
បើគិតមកដល់ពេលនេះតារាសម្តែង និង ពិធីកររូបសង្ហាលោក មូល សារ៉ាវ៉ាន់ បានភ្ជាប់ស្នេហ៍ជាមួយនារីរូបស្រស់ម្នាក់ប្រមាណជាងបីឆ្នាំហើយ ដែលគេតែងឃើញអ្នកទាំងពីរបង្អួតពីភាពផ្អែមល្ហែមជាចំហ ហើយអ្វីដែលចាប់អារម្មណ៍ថ្មីៗនេះលោកក៏បានលុតជង្គង់សុំគូស្នេហ៍រៀបការនៅក្នុងកម្មវិធីទូរទស្សន៍មួយយ៉ាងផ្អែមល្ហែមទៀត ។
លោក មូល សារ៉ាវ៉ាន់ បានបង្ហាញវត្តមានរួមគ្នាជាមួយគូស្នេហ៍ជាលើកដំបូងនៅក្នុងកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ដោយក្នុងនោះតារាសម្តែងរូបនេះបាន Suprise គូស្នេហ៍សុំរៀបការដោយត្រង់ៗ អមដោយបាច់ផ្កាកូលាបយ៉ាងស្រស់ស្អាត និង ចិញ្ចៀនពេជ្រមួយវង់ ដោយនិយាយថា «អូនជាមនុស្សស្រីដែលបងចែករំលែកគ្រប់រឿង មិនថារឿងសប្បាយចិត្ត ឬ មិនសប្បាយចិត្ត អាចនិយាយថាអូនជាមនុស្សដែលដឹងរឿងបងច្រើនជា ម៉ាក់បងទៅទៀត ហើយពិសេសបំផុតនោះបងចង់ប្រាប់មនុស្សទាំងអស់គ្នាថា អូនជាមនុស្សដែលបងស្រឡាញ់ និង ចង់កាន់ដៃរហូតអស់មួយជីវិត» ។
ការលើកឡើងយ៉ាងផ្អែមល្ហែមរបស់តារាសម្តែង និង ពិធីកររូបនេះ បានធ្វើឱ្យមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រមានការរំភើបចិត្តជាខ្លាំង និង ជូនពរឱ្យចំណងស្នេហ៍របស់អ្នកទាំងពីរកាន់តែស្រឡាញ់គ្នាជារៀងរហូត ។
ងាកមកនារីរូបស្រស់ដែលជាម្ចាស់ចិត្តរបស់តារាសម្តែង មូល សារ៉ាវ៉ាន់ ឯណេះវិញ បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ដោយនាងបានយល់ព្រមរៀបការទាំងញញឹមបិទមាត់មិនជិត ។ លោក មូល សារ៉ាវ៉ាន់ គឺជាតារាសម្តែង និង ពិធីករដែលមានប្រជាប្រិយភាព ដោយលោកបានបង្ហាញមុខនៅក្នុងកម្មវិធីនានារបស់ទូរទស្សន៍ភីអិនអិន ហើយក្រៅពីនេះលោកក៏បានលេចមុខនៅតាមបណ្តាស្ប៉តពាណិជ្ជកម្មនានា និង រឿងមួយចំនួនផងដែរ ៕