ខេម បរិច្ចាគ ១០ លានរៀល ចូលរួមរដ្ឋាភិបាលទិញវ៉ាក់សាំងកូវីដ ១៩
ក្រោយពីទទួលដំណឹងល្អពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើផេកផ្លូវការរបស់សម្តេចកាលពីល្ងាថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ ថា «សម្តេចបានណែនាំមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ ១៩ ចំនួន ១ លានដូស ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនដល់អ្នកធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ និង អ្នកដែលមានហានិភ័យនោះ ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់ ២ ដង) ក្នុងពេលយើងមានប្រជាជន ១៦ លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ ១០ លាននាក់ត្រូវការចាក់វ៉ាក់សាំង»។
សម្តេចក៏បានបញ្ជាក់ថាបន្ថែមថា «ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជន ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ ។ សម្តេចតេជោ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ ២ ទៅ ៣ លានដូសថែមទៀត សម្រាប់ដំណាក់កាលបន្ទាប់» ។
ទន្ទឹមនឹងការប្រកាសដំណឹងដ៏ល្អពីសម្តេច ហ៊ុន សែន នេះដែរ ក៏មានការចូលរួមពីសំណាក់លោកឧញ៉ាក្នុងប្រទេសកម្ពុជា បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ក្នុងការចូលរួមទិញវ៉ាក់សាំងនេះ ។
មិនត្រឹមតែប៉ុណ្ណោះ បើងាកមកតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា លោក ខេម ក៏បានប្រកាសលើគណនី fb លោកថា នឹងចូលរួមថវិកា ១០ លាន ក្នុងការចូលរួមជាមួយរដ្ឋាភិបាលផងដែរ ។
លោក ខេម បានរៀបរាប់ថា « ក្នុងនាមខ្ញុំបាទជាតារាចម្រៀង( Galaxy navatra)
ដែលចេញពីការគាំទ្ររបស់ពុកម៉ែបងប្អូនទាំងអស់គ្នា
សូមផ្ដល់នូវការ បរិច្ចាកថវិកាជូនចំពោះសម្ដេច
តេជោចំនួន 10 លានរៀល ដើម្បីជាការចូលរួមចំណែក ទិញ
វ៉ាក់សាំងជួយទៅដល់សង្គម ចំពោះពុកម៉ែបងប្អូនដែលងាយនិង
រងគ្រោះដោយជំងឺកូវីដ19 សូមគោរពជូនពុកម៉ែបងប្អូនឲ្យមានសំណាងល្អ ឆ្លងផុតពីជំងឺដ៏កាចអាក្រក់មួយណា » ៕