ឆុំ វត្តី រំភើបខ្លាំងពោលពាក្យបែបនេះ ក្រោយបានស្តាប់សំឡេងបេះដូងកូនជាលើកដំបូង!
ពេលនេះដែរ តារាសម្តែងរូបស្រស់ ឆុំ វត្តី បានពពោះប្រមាណជាងពីរខែហើយ អ្វីដែលធ្វើឱ្យនាងសប្បាយចិត្តខ្លាំងបំផុតនោះគឺបានស្តាប់សំឡេងបេះដូងកូន និង បានដឹងថាកូនដំបូងរបស់ខ្លួនមានសុខភាពល្អ។
ឆុំ វត្តី តែងទៅតាមដានសុខភាពជាប្រចំានៅមន្ទីរពេទ្យឯកជនល្បីមួយ ដោយមានស្វាមីរួមដំណើរជាមួយ។ ខណៈនេះ នាងមិនទាន់ដឹងថាកូនក្នុងផ្ទៃជាកូនស្រី ឬ ប្រុសក៏ពិតមែនតែ អ្វីដែលធ្វើឱ្យ ឆុំ វត្តី រំភើបនោះគឺបានស្តាប់សំឡេងបេះដូងកូនរបស់នាងដោយនាងបញ្ជាក់ថាស្តាប់ទៅសំឡេងញាប់ណាស់បញ្ជាក់ថា សុខភាពល្អដូចនាងអ៊ីចឹង។
ស្រីស្អាតរូបនេះ ធ្លាប់ប្រាប់ថា កូនជាថាមពល នៃជីវិត ហើយគ្រាន់តែដឹងថាពពោះភ្លាម ពេលនេះនាងបានផ្អាករាល់ការសម្តែងរឿង ដោយងាកមកធ្វើការងារជាអ្នកមើលការខុសត្រូវក្នុងផលិតកម្មឪពុកក្មេកវិញម្តង ។
គួរឱ្យដឹងដែរថា ឆុំ វត្តី ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានសំណាងម្នាក់ ព្រោះក្រោយពីរៀបការនាងកាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នម ពីសំណាក់ស្វាមី ជាពិសេសក្រុមគ្រួសារសាច់ថ្លៃតែម្តង។ គេចាំបានថា បើទោះបីកន្លងមក ឆុំ វត្តី មិនបានរៀបការអធិកអធមតាមបំណង ដោយសារថ្ងៃរៀបការរបស់នាងចំរដូវកាលកូវីដ១៩ កំពុងផ្ទុះខ្លាំងក៏ពិតមែន តែ តារាសម្តែងរូបស្រស់ម្នាក់នេះ មានបំណង និង រៀបចំពិធីធំដុំម្តងទៀតផ្គួបជាមួយថ្ងៃចេញខែកូនរបស់នាងទៀតផង៕