ច្បាស់ហើយ! តម្លៃច្រៀង ២ ម៉ឺនដុលា្លរ តន់ ចន្ទសីម៉ា គឺក្នុងកម្មវិធីមង្គល ជប់លៀង និង ខួបកំណើត
កាលពីពេលថ្មីៗនេះ មានការលេចឮមកហើយពីតម្លៃច្រៀងនៅក្នុងកម្មវិធីជប់លៀង ខួបកំណើត និង មង្គលការ ដែលតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា តន់ ចន្ទសីម៉ា ស៊ីថ្លៃម្តងៗ ២ ម៉ឺនដុល្លារនោះ ។
ក្នុងនោះដែរ នាយកគ្រប់គ្រងផលិតកម្មខាងលើនេះ គឺលោក យឹម តាស្រង់ ក៏បានបញ្ជាក់រួចហើយដែរថា ការលេចនេះគឺជាការពិត តម្លៃ ២ ម៉ឺនដុល្លារនោះ ខាងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គឺជាអ្នកកំណត់តម្លៃស័ក្តិសមនឹងប្រជាប្រិយភាពរបស់ តន់ ចន្ទសីម៉ា នាពេលបច្ចុប្បន្ន ។
លើសពីនោះ ក្រោយដឹងពីតម្លៃចេញច្រៀងរបស់ តន់ ចន្ទសីម៉ា ក្នុងតម្លៃខ្ទង់ម៉ឺនដុល្លារនេះហើយ ក៏មានការវែកញែកពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គមជាច្រើនថា តម្លៃនេះហាក់ខ្ពស់បន្តិច ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ នេះដែរ លោក យឹម តាស្រង់ ក៏បានបញ្ជាក់បន្ថែមមកកាន់ប្រជាប្រិយថា «ក្នុងកម្មវិធីមង្គលការ ជប់លៀង និង ខួបកំណើត ដែល សីម៉ា យកតម្លៃ ២ ម៉ឺនដុល្លារ នោះ គឺសំដៅទៅលើកម្មវិធីរបស់អ្នកដែលមានជីវភាពគ្រាន់បើខ្លាំង ពោលគឺត្រកូលអភិជន ។ ដូច្នេះតម្លៃនេះ ប្រសិនបើគាត់ពេញចិត្តការច្រៀងរបស់ សីម៉ា គាត់នឹងអាចធ្វើបាន» ។
នាយកគ្រប់គ្រងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា បានឱ្យដឹងបន្ថែមទៀតថា «ទៅលើតម្លៃវិញនោះ នៅក្នុងស្រុកយើងក៏មានតារាចម្រៀងមួយចំនួនបានកំណត់តម្លៃទាបជាងនេះរួចហើយ តែតារាចម្រៀងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គឺមានស្តង់ដារ» ។
យ៉ាងណាមិញ ក្រោយពីបានបញ្ជាក់ខាងលើហើយនោះ លោក យឹម តាស្រង់ ក៏បានបញ្ចប់ថា កម្មវិធីនេះ ខាងគណៈគ្រប់គ្រងផលិតកម្មក៏មិនផ្តោតខ្លាំងណាស់ណាដែរ ៕