ល្បីរូបគំរូ «ព្រះនរាយណ៍ប្រថាប់គ្រុឌ» ជាឈុតដំណាងជាតិបំពាក់លើ រ៉េត សារីតា ទៅប្រកួត MU 2020
ការប្រកួតប្រលងសម្រស់ Miss Universe កម្ពុជាឆ្នាំ ២០២០ ទើបតែបានបញ្ចប់កាលពីខែវិច្ឆិកាកន្លងទៅនេះ ហើយម្ចាស់ជ័យលាភីបានទៅលើកញ្ញាឯក រ៉េត សារីតា ដែលមហាជនគ្រប់គ្នាបានស្គាល់រួចមកហើយ ។
បន្ទាប់ពីស្វែងរករាជិនីគ្រងមកុដនោះរួច កម្ពុជាក៏បាន និង កំពុងត្រៀមរៀបចំបញ្ជូនបេក្ខនារី កញ្ញា រ៉េត សារីតា ដើម្បីទៅប្រកួតនៅវគ្គផ្ដាច់ព្រាត់បន្តទៀតនៅលើឆាកអន្តរជាតិ ជាមួយបណ្ដាបេក្ខនារីមកពីប្រទេសផ្សេងៗគ្នានៅលើពិភពលោក ដែលនឹងប្រព្រឺត្តទៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។
ជាការពិតណាស់ បេក្ខនារីដែលនឹងចូលរួមប្រកួត គឺតែងតែបានត្រៀមរួចជាស្រេចនូវឈុតតំណាងជាតិរបស់ខ្លួន យកទៅបង្ហាញនៅលើឆាកអន្តរជាតិដើម្បីឱ្យពិភពលោកបានស្គាល់ពីវប្បធម៌សរបស់ប្រទេសរបស់ខ្លួន ។ ក្នុងនោះកម្ពុជាក៏ដូចគ្នា ដោយបាន និង កំពុងរៀបចំជាបណ្តើរៗហើយ មិនថាឈុតរាត្រីសមោសរ និង ឈុតតំណាងជាតិនោះ ប៉ុន្តែយ៉ាងណានៅមិនទាន់បង្ហាញជាផ្លូវការថាមានរូបរាង និង ទម្រង់បែបណាឡើយ ។
ដោយឡែកថ្មីៗនេះ ទាក់ទងនឹងឈុតតំណាងជាតិកម្ពុជា ហាក់ដូចជាមានការបែកធ្លាយបណ្តើរៗហើយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយគេបានកត់សម្គាល់ឃើញមានការបង្ហោះរូបគំរូឈុតមួយ ដែលចែករំលែកដោយទំព័រហ្វេសប៊ុកផេក Team Cambodia ដោយទំព័រផេកមួយនេះបានបង្ហាញថា «ឈុតព្រះនរាយណ៍ប្រថាប់គ្រុឌ» តេីចង់ឃេីញឈុតមួយនេះចេញជារូបរាង និង តំណាងឱ្យកម្ពុជា ក្នុងការប្រកួតបវរកញ្ញាចក្រវាល Miss Universe ឆ្នាំ២០២០/២០២១ ដែររឬទេ?» ។
ទោះបីជាមានការបង្ហាញពីទំព័រហ្វេសប៊ុកផេកខាងលើនូវរូបភាពដែលទំនងឈុតតំណាងជាតិពិតមែន ប៉ុន្តែគេនៅមិនទាន់អាចសន្និដ្ឋានបានថា វាជារូបគំរូនៃឈុតតំណាងជាតិខ្មែរ សម្រាប់បំពាក់លើបវរកញ្ញា រ៉េត សារីតា ដើម្បីចូលរួមក្នុងកម្មវិធី Miss Universe នាដើមឆ្នាំ ២០២១ នោះបានដែរ ដរាបខាងស្ថាប័ន Miss Universe Cambodia មិនទាន់បានបង្ហាញជាផ្លូវការនោះ ៕