អស់ពីទាស់គ្នា មកល្អូកល្អិន! មិត្តស្រី អេដវីន ប្រកាសថារៀបការហើយឆ្នាំក្រោយនេះ!
ទោះមិនទាន់បានបង្ហើបពីគម្រោងចូលរោងជ័យពីមាត់ផ្ទាល់របស់តារាសម្តែង អេដវីន ជាមួយនឹងមិត្តស្រី ដែលជាអ្នកម៉េម៉ាយកូនពីររូបនោះក៏ពិតមែន ប៉ុន្តែមហាជនបានដឹងហើយថា អ្នកទាំងពីរពិតជាស្រឡាញ់គ្នាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទោះជាពេលខ្លះមានការឈ្លោះទាស់ទែងនឹងគ្នាបន្តិចមែន ។
ក្នុងនោះ គេបានដឹងថា អេដវីន និង មិត្តស្រី បានត្រៀមនឹងបើកហាងសាច់អាំងរួមគ្នាក្នុងខែធ្នូ ឆ្នាំ ២០២០ នេះទៀតផង ។ លើសពីនោះ អ្នកទាំងពីរតែងហៅគ្នាថា ប្តីប្រពន្ធ ពេញៗមាត់មើលទៅពិតជាផ្អែមល្ហែមណាស់ ។
យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ នេះដែរ មិត្តស្រីរបស់តារាប្រុសរូបនោះ បានបង្ហោះសារមួយឃ្លា ជាមួយនឹងរូបថតរបស់ អេដវីន ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានចម្ងល់យ៉ាងខ្លាំង ដោយក្នុងសារនោះ នាងបានបង្ហោះថា «ខំទៅឯង ដើម្បីបានការឆ្នាំក្រោយ! ខ្ញុំស្អាត ទឹកដោះរៀងថ្លៃតិចហើយ ណាមួយមានកូនឱ្យប្រលែងស្រាប់ មិនបាច់ប្រឹងទៀត ។ My good hubby ever» ។
ទោះជាសារនោះហាក់មិនច្បាស់ និង លេងសើចបន្តិចមែន ប៉ុន្តែមហាជនជឿជាក់ថា អាចជាការពិតថាអ្នកទាំងពីរនឹងមានគម្រោងរៀបការក្នុងឆ្នាំក្រោយពិតមែន ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកលេងបណ្តាញសង្គម ក៏ជូនពរដល់ស្នេហារបស់អ្នកទាំងពីរឲ្យមានសុភមង្គលទៀតផង ៕