មិនសំងំសុខទេ! មាស សុខសោភា បរិច្ចាគ ១២០០ ដុល្លារ ទិញវ៉ាក់សាំងកូវីដ ១៩
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថានឹងទិញវ៉ាក់សាំងការងារវីរុសកូវីដ ១៩ កាលពីយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ គេសង្កេតឃើញឯកឧត្តម ឧកញ៉ា សិល្បករ សិល្បការិនី និង សប្បុរសជនជាច្រើន បានចូលរួមយ៉ាងច្រើនផុសផុលក្នុងការយកថវិកាផ្ទាល់បរិច្ចាគជូនដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះជាបន្តបន្ទាប់ផងដែរ ។
ក្នុងនោះ បើក្រឡេកទៅមើលតារាចម្រៀង មាស សុខសោភា ឯណោះវិញ ទោះបីជាអ្នកមិនបានប្រកាសភ្លាមៗថានឹងចូលរួមបរិច្ចាគថវិកាដល់រដ្ឋាភិបាលទិញវ៉ាក់សាំងកូវីដ ១៩ ដោយផ្ទាល់ក៏ពិតមែន តែតារាស្រីរូបនេះបានបរិច្ចាគថវិកា ១២០០ ដុល្លារ តាមរយៈក្រុមហ៊ុនសម្រស់ធម្មជាតិ ដើម្បីចូលរួមក្នុងសកម្មភាពនេះ ។
តួយ៉ាងក្រោយពីចូលរួមបរិច្ចាគជាមួយក្រុមហ៊ុនខាងលើហើយ ទើបតារាស្រីជួរមុខរូបនេះ បានបង្ហោះសារលើផេកមូលនិធិ Meas Soksophea Heart Foundation របស់ខ្លួនថា «នាងខ្ញុំ មាស សុខសោភា បានចូលរួមបរិច្ចាកថវិកាចំនួន ១២០០ $ ជាមួយក្រុមហ៊ុនសម្រស់ធម្មជាតិ ជូនដល់រាជរដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩ ដេីម្បីជួយបង្ការការពារប្រជាជនកម្ពុជាយើង ឱ្យជៀសផុតពីការឆ្លងមេរោគកូវីដ ១៩ នេះ ។ សូមពុកម៉ែបងប្អូនទាំងអស់គ្នាជៀសឆ្ងាយពីជំងឺកូវីដ ១៩ ការពារខ្លួនដោយពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជាប្រចាំ និង លាងសម្អាតដៃជាមួយអាល់កុល ឬ សាប៊ូឱ្យបានញឹកញាប់» ៕