កប់សារី! ស៊ឹម សូលីកា ទិញរថយន្តស៊េរីទំនើបស្វាគមន៍ឆ្នាំថ្មី!
ជឿជាក់ថា មហាជនពិតជាដឹងហើយថាពិធីការិនី ស៊ឹម សូលីកា និងស្វាមីលោក អេង ឬទ្ធី គឺជាអ្នកសិល្បៈដែលមានជីវភាពរស់នៅហាយសូរមិនធម្មតាឡើយ។ យ៉ាងណាមិញ ជិតកៀកឆ្នាំថ្មីពិធីការិនីរូបនេះបានចំណាយលុយទិញរថយន្តស៊េរីទំនើបពណ៌សយ៉ាងស្រស់ស្អាតស្វាគមន៍ ឆ្នាំ ២០២១ ដែលនឹងមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ។
ថ្មីៗនេះ គេបានឃើញ ស៊ឹម សូលីកា ចែករំលែករូបភាពជាច្រើនសន្លឹកនៅតាមបណ្តាញសង្គម ដោយមានការរៀបចំពិធីសូត្រមន្តនិង ស្រោចទឹកពីសំណាក់ព្រះសង្ឃនៅគេហដ្ឋានរបស់នាង ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គេសម្គាល់ឃើញរថយន្តស៊េរីទំនើបពណ៌សម៉ាក Bentley ថ្មីចែស ថែមទាំងមានចងបូរពណ៌ក្រហមស្រស់ចតនៅមុខផ្ទះ ដែលបញ្ជាក់ថាជារថយន្តដែលទើបនឹងទិញ។
ក្នុងនោះ ក៏មានការលើកឡើងថា តាមមើលរថយន្តទំនើបមួយគ្រឿងនេះប្រហែលជាសមាជិកថ្មីរបស់ ស៊ឹម សូលីកា ហើយបើនិយាយពីតម្លៃវិញក៏ខ្ពស់មិនធម្មតាដែរ ។ ក្រោយរូបភាពនោះ បានបង្ហោះលើបណ្ដាញសង្គម មានមហាជនជាច្រើន បានសរសើរ ពីជីវិតរបស់ ស៊ឹម សូលីកា ដែលរស់នៅសោយសុខលើគំនរទ្រព្យសម្បត្តិ ព្រោះឃើញថា គ្រាន់តែរថយន្តទំនើបៗទាំងពីរដែលដាក់នៅជិតគ្នាក្នុងរូបភាពនោះ មានតម្លៃជាងកន្លះលានដុល្លារទៅហើយ។
គួរឱ្យដឹងថា មួយរយៈចុងក្រោយនេះ ស៊ឹម សូលីកា និងលោក អេង ឬទ្ធី តែងបើកបង្ហាញពីជីវិតឯកជននៅតាមបណ្តាញសង្គមដែលមើលទៅពិតជាមានសុភមង្គលជាខ្លាំង។ បើទោះមានវ័យជ្រេបន្តិចក្តី តែបើនិយាយពីជីវិតប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះមើលទៅផ្អែមល្ហែមមិនចាញ់គូស្នេហ៍ថ្មីថ្មោងឡើយ តែយ៉ាងណារហូតមកដល់ពេលនេះអ្នកទាំងពីរមិនទាន់មានកូនជាចំណងដៃនៅឡើយទេ៕