ប៊ី សុធារី សាកល្បងលើកដំបូងបំផុត ក្នុងតំណែងជាតួបែបនេះ!
នេះជាលើកទីមួយដែលអតីត Miss Univers Cambodia ឆ្នាំ ២០១៧ ប៊ី សុធារី មានឱកាស បានលេចមុខនៅក្នុងការសម្តែងរឿងភាគជាលើកដំបូង។
បច្ចុប្បន្ន ស្រីស្អាត ប៊ី សុធារី កាន់តែទទួលបានការចាប់អារម្មណ៍ និង គាំទ្រពីសំណាក់មហាជនជាច្រើន ដែលកាន់តែធ្វើឱ្យទីផ្សារការងារសិល្បៈ ជាពិសេសបង្ហាញម៉ូដរីកទូលាយថែមមួយកម្រិតទៀត។ ថ្មីៗនេះ តារាម៉ូដែលរូបស្រឡូនស្អាតម្នាក់នេះ ក៏បានសាក ល្បងហក់ចូលក្នុងការសម្តែងរឿងភាគរបស់ទូរទស្សន៍ហង្សមាសជាលើកដំបូង ក្នុងតំណែងជាតួឯកដែលមាន ចរិតកាចឆ្នាសឆ្នើម។ យ៉ាងណាមិញ រឿងភាគទូរទស្សន៍ថ្មីនេះ ក៏មានការចូលរួមសម្តែងពីសំណាក់តារាជាច្រើនដួងដូចជា លោក ញ៉ែម សុគន្ធ ដួង វីរៈសិទ្ធ សឿ សុធារ៉ា និង តារាវ័យក្មេង អាង សុជាតា ជាដើម ។ បើតាមគម្រោងរឿងនេះនឹងចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ ខណៈដែលពេលនេះក្រុមការងារផ្នែកផលិតថតជិតចប់ទៅហើយដែរ។
សូមបញ្ជាក់ថា បើគិតមកដល់ពេលនេះ ប៊ី សុធារី ប្រឡូកក្នុងសិល្បៈប្រមាណជា ៧ ឆ្នាំហើយ។ ដោយសារតែសម្រស់ស្អាតសម្បុរស្រអែមស្រស់បែបនារីខ្មែរ រួមនឹងរូបរាងស្រឡូនគួរឱ្យទាក់ទាញទៀតនោះ ថ្មីៗនេះ ប៊ី សុធារី ក៏មានគម្រោងនឹងចេញទៅប្រកួតនៅ ក្នុងកម្មវិធី Miss Charm International 2020 ដែលធ្វើឡើងនៅប្រទេស វៀតណាម តែដោយសារបញ្ហាជំងឺកូវីដ ១៩ មិនទាន់ស្ងាត់នោះ បានធ្វើឱ្យកម្មវិធីនោះត្រូវពន្យាពេលប្រកួតទៅវិញ៕