ស្អាតប៉ុណ្ណឹងហើយ វី ឌីណែត នៅកែបន្ថែមចំណុចនេះទៀត!
ក្រៅពីសំឡេងផ្អែមពីរោះ រូបសម្រស់ក៏ដូចជាការរៀបចំខ្លួន គឺជាដើមទុនដែលចាំបាច់សម្រាប់តារាក្នុងវិស័យសិល្បៈ។ អ្វីដែលចាប់អារម្មណ៍នោះ មួយរយៈៈចុងក្រោយនេះ គេសម្គាល់ឃើញតារាជាច្រើនបានសម្រេចចិត្តកែបន្ថែមចំណុចខ្វះខាតនៃសម្រស់របស់ខ្លួនជាពិសេសទម្រង់មុខតែម្តង។
យ៉ាងណាមិញ ងាកមកតារាចម្រៀង សំឡេងស្អក វី ឌីណែត ឯណេះវិញ ថ្មីៗនេះនាងបានកែបន្ថែមចំណុចមួយលើទម្រង់មុខ ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់គ្រប់គ្នា។ ក្នុងនោះ នាងបានកែបន្ថែមខ្ទង់ច្រមុះឱ្យខ្ពស់ស្រួចថែមមួយកម្រិតទៀត។
សូមបញ្ជាក់ថា វី ឌីណែត ជាគ្រាប់ពេជ្ររបស់តារាចម្រៀងជើងចាស់លោកហួរ ឡាវី និង ជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់ នៅក្នុងផលិតកម្មហង្សមាស ដោយនាងមានលក្ខណៈពិសេសគឺអាចច្រៀងបទជាភាសាបរទេស ព្រមទាំងបទដែលមានតុងខ្ពស់ បានយ៉ាងល្អ ជាពិសេសនោះ គឺនាងមានសមត្ថភាពបញ្ចេញកាយវិការរាំយ៉ាងរស់រវើកមិនចាញ់តារាប្រទេសជិតខាងប៉ុន្មានឡើយ។ ក្រៅពីច្រៀង វី ឌីណែត ក៏ធ្លាប់ចូលរួមសម្តែងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសទៀតផង៕