សូ ដានីតា ថា មិនបាច់ទាល់តែថតរូបបង្ហោះ ឱបថើប ទើបហៅថាស្រឡាញ់ទេ!
បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគូដណ្ដឹងជាតារាវ័យក្មេងរួចមក គេសង្កេតឃើញថាតារាសម្ដែង សូ ដានីតា តែងតែបណ្ដើរគ្នាជាសារធារណៈ ទៅចូលរួមនៅក្នុងកម្មវិធីផ្សេងៗជាញឹកញាប់ ថែមទាំងបានបើកជំនួញជាមួយគ្នាទៀតផង ទោះបីជាមិនទាន់លេចឮដំណឹងថានឹងចូលរោងជ័យនៅពេលណាក៏ដោយ ។
ទន្ទឹមនឹងចំណងស្នេហ៍របស់តារាទាំងពីរ កាន់តែមានភាពស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃហើយ មហាជនមួយចំនួនហាក់មានការងឿងឆ្ងល់ ទៅដល់គូស្នេហ៍មួយគូនេះណាស់ដែលកម្រឃើញអ្នកទាំងពីរថតរូបបែបផ្អែមល្ហែម បង្អួតគេឯងទោះបីជានៅក្បែរគ្នាញឹកញាប់ មិនដូចគូស្នេហ៍មួយចំនួនតែងតែចូលចិត្តបង្ហាញរូបភាពបែប កៀកកើយ ផ្អែមល្ហែម ដែលហាក់ចង់បញ្ជាក់ថាពួកគេពិតជាស្រឡាញ់គ្នាខ្លាំង ។
រាល់ចម្ងល់ទាំងឡាយរបស់មហាជនខាងលើ ពេលនេះដែរ សូ ដានីតា ក៏បានចេញមុខមកស្រាយ ឱ្យគ្រប់គ្នាបានដឹងពីមូលហេតុនៅលើបណ្ដាញសង្គមដែរថា៖ «មិត្តខ្ញុំ១ចំនួនសួរខ្ញុំថា ! #តើហេតុអីខ្ញុំមិនដែលបង្ហោះរូបភាព ឱប ថើប ជាមួយគាត់ ? ខ្ញុំប្រាប់តែ ១ ឃ្លាទេ ការស្រលាញ់គឺនៅក្នុងចិត្ត បេះដូង និង ពេលវេលាដែលមានឱ្យគ្នា មិនមែនឋិតលើរូបភាព ឱប ថើប ប៉ុន្មានសន្លឹក មកបង្ហោះអោយគេឃើញ #ទើបថា ស្រលាញ់នោះទេ !!! នេះជាទស្សនៈរបស់ខ្ញុំទាំង២ មិនបាច់បង្ហាញរូបភាពអ៊ីចឹងទេ បើមិនស្រលាញ់មិនរស់នៅជាមួយគ្នា រឺ ភ្ជាប់ពាក្យនោះទេ»។
ជាចុងក្រោយនាងក៏បានសរសេររៀបរាប់បន្ថែមទៀតថា៖ «បញ្ចាក់និយាយតែរឿងខ្ញុំ មិនប៉ះពាល់អ្នកណា ប្រកាសឱ្យហើយ ព្រោះមនុស្សឥឡូវចូលចិត្តរើសដាក់ខ្លួនណាស់!» ៕