ឃ្លាតឆ្ងាយរាប់ឆ្នាំ តារាសម្ដែងស្រី ៥ ដួង ចិត្តមិនដាច់ វិលមកប្រឡូកសិល្បៈម្ដងទៀត
ពេលដែលមានគេរំឭកដល់រឿងភាគខ្មែរកាលពីជំនាន់ឆ្នាំ ៩០ ជាង និង ជំនាន់ឆ្នាំខ្ទង់ ២០០០ ស្ដើង ជឿជាក់ថាប្រិយមិត្តភាគច្រើន ប្រាកដជានឹកដល់ការសម្ដែងដ៏ប៉ិនប្រសប់របស់ពួកគេមិនខាន ។ មិនមែនតែទស្សនិកជនទេ សូម្បីតែតារាសម្ដែងផ្ទាល់ ដែលបាត់មុខពីអាជីពសម្ដែងនេះរាប់ឆ្នាំ ក៏បានត្រឡប់មកចាប់អាជីពចាស់នេះម្ដងទៀត ដោយក្ដីនឹករឭកបំផុត ។ ខាងក្រោមនេះ ជាវត្តមានតារាសម្ដែង ៥ ដួង បានត្រឡប់មកចាប់អាជីពសម្ដែងម្ដងទៀត ក្រោយបាត់មុខជាច្រើនឆ្នាំ ៖
១- សឿ សុធារ៉ា
នៅចុងឆ្នាំ ២០២០ នេះ តារាសម្ដែងធ្លាប់ទទួលបានភាពល្បីល្បាញអ្នកនាង សឿ សុធារ៉ា បានប្រកាសនៅក្នុងកម្មវិធីមួយ ថានាងវិលមកប្រឡូកសិល្បៈវិញហើយ ព្រោះតែសេចក្ដីនឹករឭកដល់អាជីពសម្ដែងនេះជាពន់ពេក ខណៈខកខានសម្ដែងរាប់ឆ្នាំមកហើយ ។
២- កែវ ពេជ្រពិសី
ងាកមក កែវ ពេជ្រពិសី ឯណោះវិញ បច្ចុប្បន្នកំពុងតែព្យាយាមសម្រកគីឡូដើម្បីត្រឡប់មកបង្ហាញមុខបម្រើអារម្មណ៍ទស្សនិកជនឡើងវិញ ព្រោះថាមកគិតទៅ នាងក៏ហាក់ឃ្លាតឆ្ងាយពីអាជីពសម្ដែងមួយរយៈធំមកហើយដែរ ។
៣- នី មុល្លីកា
ទោះបីជារៀបការមានស្វាមី និង កូន រស់នៅក្រៅប្រទេសយ៉ាងសម្បូរហ៊ឺហារ ប៉ុន្ដែនៅឆ្នាំ ២០១៩ តារាសម្ដែង នី មុល្លីកា បានវិលមកសម្ដែងរឿង «កុមារី ២៥ ឆ្នាំ» វគ្គ ៣ ប្រកបដោយភាពប៉ិនប្រសប់ដដែល ហើយភាពម្ញ៉ិកម្ញ៉ុកនៅក្នុងសាច់រឿង ធ្វើឱ្យមហាជនកាន់តែនឹករឭកដល់រូបនាង ។
៤- សម ម៉ាណា
បានបាត់មុខពីវិស័យសិល្បៈប្រមាណជា ១០ ឆ្នាំមកហើយ ប៉ុន្ដែកាលពីដើមឆ្នាំ ២០២០ កន្លងមក តារាសម្ដែង និង បង្ហាញម៉ូដរូបស្រស់ខាងលើ ស្រាប់តែវិលមកចាប់អាជីពចាស់ឡើងវិញ តាមរយៈការសម្ដែងក្នុង MV បទចម្រៀង «នឹកម៉ែ» របស់លោក យ៉ែម សំអូន ។
៥- ឡាយ លក្ខិណា
មិនខុសគ្នាពី សម ម៉ាណា ប៉ុន្មានទេ តារាសម្ដែង ឡាយ លក្ខិណា បានបាត់មុខពីវិស័យសិល្បៈដល់ទៅរាប់ឆ្នាំ ប៉ុន្ដែស្ងាត់ៗនាងបានវិលមករកឆ្នាំងបាយចាស់វិញ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរឡើយ ៕