រំភើបណាស់! ក្មួយប្រុស សាយ អាយុទើប ៩ ឆ្នាំសោះ ស៊ូរត់ជិត ៤ គីឡូម៉ែត្រដើម្បីផ្តល់កម្លាំងចិត្តពូ
កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ មហាជនអ្នកគាំទ្រ ជាពិសេសអ្នកតាមដានសកម្មភាពនៃកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» បានដឹងហើយថា តារាចម្រៀង Original Song លោក សាយ បានរត់ទៅដល់ក្រុងបានលុង ខេត្ត រតនគិរី ដែលជាទឹកដីកំណើតហើយ ។
ក្នុងនោះដែរ បើតាមរូបភាពបង្ហោះនៅលើគណនី fb និង ផេកផ្លូវការរបស់លោក សាយ បានឲ្យឃើញថាមានការចូលរួមយ៉ាងច្រើនពីសំណាក់ប្រជាជននៅក្នុងខេត្តរតនគិរី ដើម្បីចូលរួមគាំទ្រការរត់ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដោយមានទាំងអ្នករត់ជាមួយលោក សាយ និង មានអ្នកជិះកង់រួមគ្នាទៀតផង ។
តួយ៉ាង អ្វីដែលធ្វើឲ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ដែរនោះ គេបានសង្កេតឃើញថាការរត់មកដល់ខេត្តរតនគិរីនេះដែរ ពិតជាធ្វើឲ្យលោក សាយ មានក្តីរំភើប និង ភាពកក់ក្តៅយ៉ាងខ្លាំង ក៏ព្រោះតែលោកមានការចូលរួមទទួលស្វាគមន៍ និង លើកទឹកចិត្តយ៉ាងពេញទំហឹងពីក្រុមគ្រួសារ ដោយមានទាំងអ្នកម្តាយ បងប្រុស បងស្រី និង ក្មួយៗទៀតផង ។
លើសពីនោះ អ្វីដែលកាន់តែរំភើបទៀតនោះ ក្នុងចំណោមក្មួយៗរបស់ស្ថាបនិកកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដោយខ្លះមានអាយុមិនដល់ ១០ ឆ្នាំ ផង ក៏បានរត់ត្រសងអមដំណើរលោក សាយ ដែលជាពូរបស់ខ្លួនមិនរារែកនោះទេ ។
ជាងនេះទៅទៀត អ្នកលេងបណ្តាញសង្គមក៏កំពុងតែសរសើរទឹកចិត្ត និង ស្មារតីនៃការតស៊ូក្តីស្រឡាញ់របស់ក្មួយប្រុសលោក សាយ វ័យត្រឹម ៩ ឆ្នាំ ប៉ុណ្ណោះ បានចូលរួមរត់ក្នុងចំណោមមនុស្សចាស់បានរហូតដល់ទៅជិត ៤ គីឡូម៉ែត្រ ទោះជាហត់យ៉ាងណាក៏កុមារារូបនោះពោលពាក្យថា «ឲ្យតែហត់ចង់ឈប់ កូននិយាយជាមួយខ្លួនឯងថា Never Give Up» ។ នេះបើតាមការបង្ហោះរបស់បងស្រីរបស់លោក សាយ ដែលជាម្តាយកុមារានោះ ៕
រូបភាព៖ DR PHOTO SHOOT