តួប្រុសរឿង «បាបស្នេហ៍» មួម៉ៅក្ដៅឆួល ពេលអ្នកគាំទ្រដៀលសង្សារខ្លួនមុខអាក្រក់
ថ្មីៗនេះ គេឃើញមានការស៊ែរចែករំលែកបន្តៗគ្នាពីមួយទៅមួយក្នុងប្រទេសថៃ ក្រោយពេលឃើញតារាសម្ដែងដ៏ល្បីក្នុងរឿង «បាបស្នេហ៍» គឺលោក Sean Jindachot ចេញមុខប្រតិកម្មតបខំមិនអ្នកគាំទ្រដែលថា សង្សាររបស់លោកមុខមិនស្អាត ខណៈឃើញរូប ១ សន្លឹកដែលនាងបានថតជាមួយម្តាយរបស់លោក ក្នុងថ្ងៃខួបកំណើតរបស់លោកកន្លងទៅនោះ ។
ទន្ទឹមនឹងនេះដែរ ក្រោយពីការបង្ហោះរូបភាព ១ សន្លឹកនោះឡើងមក មានអ្នកគាំទ្រជាច្រើនបានចូលខំមិនបញ្ចេញមតិផ្សេងៗគ្នាទៅតាមអ្វីដែលពួកគេចង់និយាយ ក៏ប៉ុន្ដែក្នុងនោះដែរគេក៏ឃើញមានខំមិនបន្ទោសបង្អាប់សង្សាររបស់លោកថាមិនស្អាត មុខអាក្រក់ មិនស័ក្តិនឹងរូបលោកដែលមានរូបរាងសង្ហាជាតារាល្បី ។
ក្រោយមកទៀត គេក៏ឃើញលោកចេញមុខតបខំមិន ដោយបានសរសេរថា «ភាពស្រស់ស្អាតវាអាស្រ័យលើការគិតរបស់បុគ្គលម្នាក់ៗ វាមិនដូចគ្នានោះទេ ខ្ញុំថាភាពស្រស់ស្អាតរបស់បុគ្គលម្នាក់ៗនោះគឺស្រេចតែអ្នកជាអ្នកមើលវាប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា ក្រៅពីភាពស្រស់ស្អាតនៃរូបសម្បតិ្តខាងក្រៅហើយ គឺសេចក្ដីល្អ និង ភាពឆ្លាតវាងវៃ ហើយសម្រាប់សង្សាររបស់ខ្ញុំគឺនាងមានគ្រប់យ៉ាងក្នុងចំណោម ៣ ចំណុចនេះ ដូចដែលខ្ញុំបានជម្រាបពីខាងលើមកអ៊ីចឹង»។
ក្រោយពីការតបខំមិនរបស់តារាសម្ដែងនេះរួចមក គេក៏កត់សម្គាល់ឃើញថា មានអ្នកគាំទ្រជាច្រើនបានចូលទៅចុចឡាច និង ស៊ែរយ៉ាងច្រើន ដោយបង្ហាញអារម្មណ៍ពេញចិត្តនូវពាក្យសម្ដីរបស់ Sean Jindachot ដែលបានចេញមកការពារ ក៏ដូចជាបង្ហាញអារម្មណ៍យកចិត្តទុកដាក់ចំពោះសង្សាររបស់ខ្លួនបែបនេះ ៕