ផ្ទុះការរិះគន់ថាបទ «រាំស្ទាយក្មេង» ដូចបទ «Baby Shark» ឥលូវលោក សួន ពិសិដ្ឋ ចេញមុខបកស្រាយហើយ! (វីដេអូ)
ក្រោយពីបានប្រកាសជាផ្លូវការក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មហង្សមាសហើយនោះ តារាចម្រៀង យូរី កាលពីពេលថ្មីៗនេះ បានចេញបទចម្រៀងទី ២ របស់ខ្លួនក្នុងទ្រនំថ្មីនេះ មានចំណងជើងថា «រាំស្ទាយក្មេង» ។
ក្រោយពីបទចម្រៀងរបស់ យូរី ខាងលើបានចេញហើយ ក៏បានផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្តាញសង្គម ដោយលើកឡើងថាបទចម្រៀងនេះស្តាប់មិនបាន សាច់ភ្លេង និង ទំនុកច្រៀង ហាក់ដូចទៅនឹងបទចម្រៀងរបស់កុមារមួយបទដែលមានចំណងជើងថា «Baby Shark» ។
យ៉ាងណាមិញ នៅថ្ងៃយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ អ្នកនិពន្ធពេញនិយមរូបនេះ ក៏បានធ្វើការ Live នៅលើគណនីហ្វេសប៊ុករបស់លោក បកស្រាយជុំវិញរឿងរ៉ាវនៃការ រិះគន់ទៅលើបទចម្រៀងខាងលើនេះ ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ពាក់ព័ន្ធនឹងសារមួយដែលលោកបានបង្ហោះ ដែលនិយាយពីផ្នត់គំនិតផ្ទាល់ខ្លួនមិនបានឆ្លើយតប ឬ ឡកឡឺយទៅកាន់អ្នករិះគន់នោះទេ ។
ក្នុង វីដេអូ នោះដែរ លោក សួន ពិសិដ្ឋ បានបញ្ជាក់ដូច្នេះថា «ពាក់ព័ន្ធ នឹងការលើកឡើងថាបទចម្រៀងនេះ ដូចនឹង បទចម្រៀងកុមារ Baby Shark នោះ គឺមិនពិតនោះទេ ព្រោះការនិពន្ធទំនុកភ្លេង ទំនុកច្រៀងមកគឺមិនដូចគ្នានោះឡើយ ។ ម្យ៉ាងវិញទៀត លោកទទួលស្គាល់ថាអាចនឹងស្តាប់ទៅស្រដៀងៗមែន ប៉ុន្តែនេះជាការនិពន្ធទំនុកថ្មីទាំងស្រុង» ។
លោក សួន ពិសិដ្ឋ ក៏បានឆ្លើយតបជុំវិញនឹងការលើកឡើងថា ហេតុអ្វីបានជានិពន្ធបទចម្រៀងនេះឡើង នោះ អ្នកនិពន្ធរូបនេះបានឲ្យដឹងថា « តាមពិតទៅការនិពន្ធបទចម្រៀងនេះឡើង គឺមានការពិភាក្សាគ្នារវាងលោក និង យូរី ដោយផ្ទាល់ ហើយតារាចម្រៀង យូរី បានផ្តល់យោបល់ថា នាងចង់ផ្លាស់ប្តូរបរិយាកាសចង់ច្រៀងបទចម្រៀងបែបក្មេងៗ ដើម្បីបំពេញតំរូវការដល់ក្មេងៗតែប៉ុណ្ណោះ ។ ដូច្នេះ មហាជនមួយចំនួនអាចនឹងមិនទាន់យល់» ។
ទន្ទឹម នឹងការបកស្រាយនោះហើយ លោក សួន ពិសិដ្ឋ ក៏បានស្នើរសុំសារជាថ្មីដល់មហាជន និង អ្នករិះគន់មួយចំនួនទៀតថា « លោកទទួលស្គាល់នូវការរិះគន់ ហើយលោកក៏បានអានរាល់ការបញ្ចេញមតិរបស់បងប្អូនដូចគ្នា ហើយលោកអរគុណដល់ការរិះគន់ក្នុងន័យស្ថាបនា ហើយលោកក៏សំណូមពរដល់អ្នករិះគន់ ដែលប្រើពាក្យអសុរស និង ពាក្យមិនសមរម្យឲ្យពិចារណានៅពាក្យសម្តីឡើងវិញ ព្រោះលោកជាអ្នកនិពន្ធ និង យូរី ជាតារាចម្រៀងប្រឹងប្រែងខ្លាំងណាស់ទម្រាំបានបទចម្រៀងមួយបទនេះ » ។
ចង់ដឹងថាលោក សួន ពិសិដ្ឋ បកស្រាយលម្អិតយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម ៖