រួមរស់ជាមួយស្វាមីជាង ១០ ឆ្នាំស្រាប់តែ ដាញ់ ម៉ូនីកា លើកឡើងពីរឿងលំបាកនេះ
អតីតតារាសម្ដែងធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនផុសផុលពីសំណាក់ទស្សនិកជនអ្នកនាង ដាញ់ ម៉ូនីកា បានឃ្លាតកាយចាកឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានក្រាបផ្ទឹមតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែ កុម្ភៈ ឆ្នាំ ២០១០ មក នាងក៏សម្រេចចិត្តលាស្រុកកំណើតទៅរស់នៅជាមួយស្វាមីនៅលើទឹកដីប្រទេសអូស្រ្តាលី ។
ទោះបីជាបាត់មុខពីសិល្បៈអស់មួយទសវត្សរ៍ ប៉ុន្ដែទស្សនិកជនជាច្រើន នៅតែចងចាំឈ្មោះ ដាញ់ ម៉ូនីកា ជាតួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» មិនដែលភ្លេចនោះទេ ព្រោះថា ដាញ់ ម៉ូនីកា មិនត្រឹមតែមានទេពកោសល្យផ្នែកសម្ដែងខ្ពស់ប៉ុណ្ណោះទេ តែតារាស្រីរូបនេះ ក៏ត្រូវបានមហាជនចាត់ទុកជាតារាទឹកភ្នែកដ៏ប៉ិនប្រសប់មួយរូបផងដែរ ។
ដោយឡែកបើងាកទៅមើលជីវិតឯកជនរបស់អតីតតួឯកស្រីរាងតូចច្រឡឹងរូបនេះវិញ បច្ចុប្បន្ន ដាញ់ ម៉ូនីកា ជាអ្នកលក់អនឡាញដ៏មានប្រជាប្រិយភាពមួយរូប ហើយទន្ទឹមនឹងនោះ នាងក៏ហាក់បើកបង្ហាញពីជីវិតផ្ទាល់ខ្លួនជារឿយៗផងដែរ ។
ជាក់ស្ដែងថ្មីៗនេះ ដាញ់ ម៉ូនីកា ស្រាប់តែបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍មួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយនាងបានរៀបរាប់ពីការប្រឹងប្រែងរកស៊ីទាំងប្ដីទាំងប្រពន្ធដើម្បីជីវភាពកាន់តែល្អប្រសើរថា «ប្ដីខិតខំប្រពន្ធប្រឹងប្រែង ជាតិនេះបើនៅតែក្រលំបាកទៀតក៏អស់ចិត្តដែរ ទោះបីជាពួកយើងជួបរឿងលំបាកប៉ុនណា ក៏យើងមិនដែលបោះបង់ចោលគ្នាដែរ» ។
កន្លងមកធ្លាប់មានការទម្លាយថា ដាញ់ ម៉ូនីកា រស់នៅជីវិតសុខស្រួលណាស់នៅលើទឹកដីអូស្រ្តាលី មិនតែប៉ុណ្ណោះ នាង និង ស្វាមី ក៏ស្រឡាញ់ផ្អែមល្ហែមនឹងគ្នាស្អិតល្មួតណាស់ដែរ ៕