បាត់មុខឈឹង? បង្ហាញបច្ចុប្បន្នភាពលោក ជា ណូបូ តួកុនខ្មែររហស្សនាម គោញាក់ ល្បីខ្លាំងជំនាន់ឆ្នាំ ៨០-៩០
លោក ជា ណូបូ រហស្សនាម គោញាក់ ក៏ជាតារាសម្តែងដ៏មានឈ្មោះល្បីល្បាញមួយរូបក្នុងឧស្សាហកម្មភាពយន្តខ្មែរជំនាន់ឆ្នាំ ៨០-៩០ មិនខុសពីមិត្តរួមជំនាន់គឺលោក ទេព រិន្ទដារ៉ូ យស បូវណ្ណៈ សម តារា សម វិទ្យា និង ខៃ ប្រសិទ្ធិ ជាដើម នោះទេ ។ មកដល់ពេលបច្ចុប្បន្ននេះ តើអតីតតារាសម្តែងប្រុសដែលមហាជនដាក់រហស្សនាមឱ្យថា គោញាក់ មានស្ថានភាពរស់នៅបែបណាដែរ?
មុននឹងឈានដល់បច្ចុប្បន្នភាពរបស់តារាសម្តែង ជា ណូបូ យើងឱ្យប្រិយមិត្តក្រឡែកទៅមើលអតីតកាលរបស់តារាប្រុសរូបនេះសិន ថាតើគាត់បានចូលប្រឡូកក្នុងសិល្បៈតាំងពីពេលណា? លោក ជា ណូបូ បានចូលប្រឡូកក្នុងវិស័យឧស្សាហកម្មភាពយន្តខ្មែរនៅក្នុងឆ្នាំ ១៩៨៧ ហើយរឿងដែលលោកបានចូលរួមសម្ដែងមានដូចជា រឿង «ខ្លិនមិនរសាយ» «គូស្នេហ៍គូកម្ម» «បងនៅតែស្នេហ៍» «ស្នេហ៍ចុងរដូវ» «ព្យុះចិត្តលោហិ» «តស្នេហ៍» «កុំថាខ្ញុំខូច» «ដេញទាន់ជាន់កែង» «រាជិនីក្រមុំ» «ស្នេហ៍ក្នុងសុបិន្ត» «ស្អប់ស្មើស្រឡាញ់» «ឱ! ស្នេហ៍ខ្ញុំអើយ» «ព្រៃគប់ម្លប់ចិត្ត» «ពេជ្រចិន្ដាដួងចិត្ត» និង មានរឿងជាច្រើនទៀត ។
ដោយសារទេពកោសល្យសម្តែង និង មានភាពប៉ិនប្រសប់ក្នុងតួអង្គបែបស្វាហាប់ លេងទឹកមុខមាំ មានអំណាច តារាសម្តែង ជា ណូបូ ត្រូវបានមហាជនដាក់រហស្សនាមឱ្យថា គោញាក់ ហើយដៃគូសម្តែងដ៏ស័ក្តិសមរបស់លោកនោះគឺអ្នកនាង សុខ ស្រីមុំ និង អម្ពរ ទេវី ដែលសុទ្ធសឹងជាតួឯកស្រីមានទឹកមុខក្រមិចក្រមើមទាំងអស់ ។
បន្ទាប់ពីខ្សែភាពយន្តខ្មែរធ្លាក់ចុះ តារាសម្តែង ជា ណូបូ ហៅ គោញាក់ ក៏បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅឯប្រទេសសាំងហ្គាពួរ ដើម្បីប្រកបមុខជំនួញជាមួយមិត្តភក្ដិបានប្រហែល ៣ ឆ្នាំ ពោលគឺក្នុងអំឡុងឆ្នាំ ១៩៩៧ រហូតមកដល់ឆ្នាំ ២០០០ លោកក៏បានត្រលប់មកប្រទេសកម្ពុជាវិញ ហើយក៏ប្រកបមុខរបរជាអ្នកលក់ឡាន ។
បើតាមទំព័រហ្វេសប៊ុក Movie Star Research របស់អ្នកនាង ស៊ិន ឧត្តមផល្លា កន្លងមកបានឱ្យដឹងថា តារាសម្តែង ជា ណូបូ ហៅ គោញាក់ ក៏នៅតែបន្តអាជីពជាតារាសម្ដែងដដែល ដោយសារមិត្តភក្ដិជាច្រើននៅតែគាំទ្រការសម្ដែងរបស់លោក ហើយភាគច្រើនលោកសម្តែងជាតួអង្គឪពុក ដែលកន្លងមកគេឃើញលោកបានចូលរួមសម្តែងនៅក្នុងរឿង «ចំណាប់ខ្មាំងរបាំងស្នេហ៍» រឿង «លម្អៀងចិត្ត» រឿង «នុំប័ងសុបិន្តស្នេហ៍» និង រឿង «ភូមិខ្ញុំក្រមុំឆ្នាស់» ជាដើម ។
តាមទំព័រហ្វេសប៊ុកខាងលើដដែល បានបន្តឱ្យដឹងថា បន្ទាប់ពីចប់ជំងឺកូវីដនេះ តារាសម្តែង ជា ណូបូ មានគម្រោងបើកកសិដ្ឋានចិញ្ចឹមមាន់ដ៏ធំមួយនៅក្នុងខេត្តកំពង់ស្ពឺ ព្រោះលោកមានដីនៅទីនោះ ៣ ហិចតា ដើម្បីរៀបចំផ្លូវជីវិតសម្រាប់ថ្ងៃអនាគត ពេលលោកដាច់ចិត្តលាឈប់ពីអាជីពនោះ ។ គួរឱ្យដឹងដែរថា សព្វថ្ងៃនេះលោក ជា ណូបូ មានវ័យ ៥៦ ឆ្នាំហើយ និង កំពុងរស់នៅក្នុងជីវិតជាបុរសពោះម៉ាយម្នាក់យ៉ាងមានសេចក្តីសុខ ៕