ចាំទេ? នេះជា Freshie Girl & Boy ឆ្នាំ ២០០៥ ពេលនេះ សុខទុក្ខយ៉ាងណាហើយ?
បើក្រឡេកទៅមើលការប្រកួតកម្មវិធី Freshie Girl & Boy ឆ្នាំ ២០០៥ ជំនាន់ទី ៤ មហាជនអ្នកគាំទ្រ ប្រាកដជាសង្កេតឃើញថាក្នុងងចំណោមជ័យលាភីទាំង ៦ រូបនោះ បច្ចុប្បន្ន គឺឃើញមានតែជ័យលាភីប៉ុន្មានរូបប៉ុណ្ណោះ ដែលបន្តអាជីពលើវិថីសិល្បដោយមានដូចជាលោក លឹម ជាឡាយ Freshie Boy ចំណាត់ថ្នាក់លេខ ១ និង អ្នកនាង ប្រាសាទ ដាវីន Freshie Girl ចំណាត់ថ្នាក់លេខ ៣។ ចំណែកឯ ជ័យលាភីចំនួន ៤ រូប ផ្សេងទៀត គេសង្កេតឃើញថា ហាក់បាត់មុខពួកគេនៅក្នុងវិថីសិល្បស្ងាត់ឈឹងតែម្តង។
យ៉ាងណាមិញ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវព័ត៌មានខ្លះរបស់ Freshie Girl & Boy ឆ្នាំ ២០០៥ ជំនាន់ទី ៤ មកជម្រាបជូនដល់មហាជនអ្នកគាំទ្រថា បច្ចុប្បន្នអ្នកទាំង ៦ កំពុងធ្វើអ្វី និង រស់នៅទីណា?
Freshie Boy៖
១. លោក លឹម ជាឡាយ Freshie Boy ឆ្នាំ ២០០៥ ចំណាត់ថ្នាក់លេខ ១
ក្រោយពីប្រកួត និង ជាប់ជ័យលាភីលេខ ១ ហើយនោះ លោក លឹម ជាឡាយ បានបន្តអាជីពលើវិថីសិល្បរហូតមកដល់ពេលបច្ចុប្បន្ន ។ ក្នុងនោះ ក្រោយពីសាងកេរ្តិ៍ឈ្មោះលើវិស័យសិល្បអស់រយៈពេលប្រមាណជា ១៥ ឆ្នាំមកនេះ តារាប្រុសរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។
២. លោក ចាន់ រិទ្ធី Freshie Boy ឆ្នាំ ២០០៥ ចំណាត់ថ្នាក់លេខ ២
Freshie Boy ឆ្នាំ ២០០៥ ចំណាត់ថ្នាក់លេខ ២ រូបនេះ ក្រោយពីបានជាប់ជ័យលាភី និង ឈរលើវិថីសិល្បរយៈពេលខ្លីហើយនោះ លោកក៏បានបាត់មុខឈឹងលើវិថីសិល្បតែម្តង ។ បច្ចុប្បន្ន អតីត Freshie Boy ឆ្នាំ ២០០៥ រូបនេះ បានរៀបការ និង មានកូន ៣ នាក់ជាចំណងដៃអាពាហ៌ពិពាហ៌រួចហើយដែរ។
៣. លោក ឡេង ឡេក Freshie Boy ឆ្នាំ ២០០៥ ចំណាត់ថ្នាក់លេខ ៣
គេចាំបានថា Freshie Boy ឆ្នាំ ២០០៥ ចំណាត់ថ្នាក់លេខ ៣ រូបនេះ ជាកូនកាត់ថៃ ដែលមានឪពុកជាជនជាតិខ្មែរ និង ម្តាយជាជនជាតិថៃ ។ ក្រោយពីជាប់ជ័យលាភីចំណាត់ថ្នាក់លេខ ៣ ហើយ ឡេង ឡេក បានបន្តអាជីពលើវិថីសិល្បបានមួយរយៈពេលដោយមានការថតស្បត និង ចម្រៀងកាយវិការផងដែរ ។ បច្ចុប្បន្ន លោកបានផ្តាច់អាជីពលើវិថីសិល្ប និង កំពុងបន្តការសិក្សាផ្នែកយោធានៅប្រទេសវៀតណាម ។
Freshie Girl៖
១. អ្នកនាង ចម កន្និកា Freshie Girl ឆ្នាំ ២០០៥ ចំណាត់ថ្នាក់លេខ ១
Freshie Girl ឆ្នាំ ២០០៥ ចំណាត់ថ្នាក់លេខ ១ អ្នកនាង ចម កន្និកា បានផ្តាច់អាជីពលើវិថីសិល្បភ្លាមៗ ក្រោយពីចប់កុងត្រាក្នុងកម្មវិធីប្រកួតខាងលើនេះ ។ គេបានដឹងថា អតីត Freshie Girl ឆ្នាំ ២០០៥ ចំណាត់ថ្នាក់លេខ ១ រូបនេះ គឺជាកូនស្រីរបស់អ្នកមានមុខមាត់មួយរូបក្នុងសង្គម ។ បច្ចុប្បន្ន អ្នកនាង ចម កន្និកា បានរៀបការរួច និង ថែមទាំងមានមុខជំនួញក្នុងដៃមួយចំនួនទៀតផង ។
២. អ្នកនាង មាស ឌីវណ្ណដា Freshie Girl ឆ្នាំ ២០០៥ ចំណាត់ថ្នាក់លេខ ២
អ្នកនាង មាស ឌីវណ្ណដា ក្រោយពីបានឈ្នះជ័យលាភីលេខ ២ ជា Freshie Girl ឆ្នាំ ២០០៥ ហើយនោះ អ្នកនាងបានផ្តាច់អាជីពលើវិថីសិល្បភ្លាមដូចគ្នា ក្រោយពីចប់កុងត្រាក្នុងកម្មវិធីប្រកួត និង បានរៀបការ សាងគ្រួសារយ៉ាងមានសុភមង្គល។ បច្ចុប្បន្ន អ្នកនាង មាស ឌីវណ្ណដា កំពុងរស់នៅឯក្រៅប្រទេស និង មានកូនប្រុសស្រី ២ នាក់ ជាចំណងដៃអាពាហ៌ពិពាហ៌។
៣. អ្នកនាង ប្រាសាទ ដាវីន Freshie Girl ឆ្នាំ ២០០៥ ចំណាត់ថ្នាក់លេខ ៣
Freshie Girl ឆ្នាំ ២០០៥ ចំណាត់ថ្នាក់លេខ ៣ អ្នកនាង ប្រាសាទ ដាវីន ទោះបានចាកចេញទៅរស់នៅក្រៅប្រទេសក្រោយពីប្រកួតកម្មវីធីខាងលើបានរយៈពេលប៉ុន្មានឆ្នាំក្តី តែក្រោយមកតារាស្រីរូបនេះ ក៏វិលចូលប្រទេសកម្ពុជាវិញ និង បន្តអាជីពលើវិថីសិល្បដូចដើម ។ បច្ចុប្បន្ន ប្រាសាទ ដាវីន ទើបតែសម្រាលបានកូនស្រីជាចំណងដៃជាមួយនឹងស្វាមីបរទេស ហើយនាងក៏កំពុងតែលេចធ្លោលើវិស័យម៉ូដដូចដើម៕