សួស វីសា ត្រៀមវាយលុកសិល្បៈជាថ្មី ក្រោយស្ងប់ស្ងាត់មួយឆ្នាំ!
ក្រោយរឹងដៃរឹងជើង តារាចម្រៀង សួស វីសា បានចាប់ផ្តើមហក់ចូលក្នុងអាជីពសិល្បៈជាថ្មី ក្រោយពីនាងសម្រាករយៈពេលប្រមាណមួយឆ្នាំ ហើយពេលនេះនាងក៏កំពុងសម្រុកថតបទចម្រៀងដើម្បីតម្រូវចិត្តមហាជនជាពិសេសស្វាគមន៍ឆ្នាំថ្មី ២០២១ ខាងមុខនេះ ។
ថ្មីៗនេះ សួស វីសា បានបង្ហាញរូបភាពជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធ រួមនឹងការលើកឡើងថា «ជួបគ្នាឆាប់ៗជាមួយបទចម្រៀងថ្មីៗ រូបភាពថ្មីៗ នៃស្នាដៃថ្មីសម្រាប់ឆ្នាំថ្មី ២០២១ ខាងមុខនេះ យប់នេះមិនដឹងថតចប់ម៉ោងប៉ុន្មានទេ» ។ ការលើកឡើងរបស់អ្នកម្តាយថ្មីថ្មោងរូបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រីករាយ ព្រោះរំពឹងថាការវិលត្រលប់ជាថ្មីរបស់អាយដលលើកនេះពិតជាមានអ្វីប្លែកនិងពិសេសជាមិនខាន ។
គេមិនទាន់ដឹងថាច្បាស់ថាវិលមកជាថ្មីរបស់ សួស វីសា អាចរក្សាភាពខ្លាំងដូចមុន ឬ បែបណាឡើយ ខណៈតារាចម្រៀងពីររូបហាក់នៅទ្រឹងក្រោយត្រលប់មកពីសម្រាលកូនវិញ ដែលមានដូចជា ឱក សុគន្ធកញ្ញា និង ពេជ្រ សូលីកា ជាដើម ។
ថ្វីដ្បិតសម្រាលកូនមិនទាន់បានបីខែក៏ពិតមែន តែគេចាប់អារម្មណ៍ឃើញថាសម្រស់របស់ សួស វីសា នៅតែស្រស់ស្អាត និង ទាក់ទាញដដែល ជាពិសេសការរៀបចំខ្លួនរបស់នាងនៅតែគួរឱ្យស្រឡាញ់មិនចាញ់មិត្តរួមអាជីពស្រករក្រោយឡើយ ។ ក្រោយមានកូនជាចំណងដៃជីវិតប្តីប្រពន្ធរបស់ សួស វីសា កាន់តែមានក្តីសុខហើយជារឿយៗនាងតែងបង្ហាញសកម្មភាព និង រូបភាពនៅក្នុងគ្រួសារដល់មហាជនធ្វើឱ្យមានការលើកឡើងថាគ្រាន់តែឃើញរូបភាពគ្រួសាររបស់ សួស វីសា ក៏មានសុភ មង្គលជំនួសដែរ ។
គួរបញ្ជាក់ផងដែរថា បើតាមប្រភពអ្នកធ្វើការនៅផលិតម្មហង្សមាសបានឱ្យដឹងថា គ្រាន់តែរៀបការភ្លាម សួស វីសា បានសុំច្បាប់សម្រាកចំនួនមួយឆ្នាំហើយក៏ដល់ពេលវេលាដែលនាងត្រូវត្រលប់មកកាន់ការងារវិញហើយ ៕