តារា ២ ដួងបន្តរស់នៅក្រៅប្រទេសយ៉ាងរីករាយ ក្រោយបញ្ចប់ការសម្តែងជាច្រើនខែ
រហូតមកដល់ពេលនេះ គេចាប់អារម្មណ៍ឃើញតារាស្រី ២ ដួងបានបន្តរស់នៅប្រទេសក្រៅប្រទេសដោយរីករាយ បើទោះបីការសម្តែងរបស់ពួកគេ បានចប់រាប់ខែទៅហើយ។ ចង់ដឹងថា តារា ២ ដួងនោះ ជានរណា សូមតាមដានទាំងអស់គ្នា៖
តារាចម្រៀងវ័យក្មេង ជាតិ សុច្ចកា នៅតែបន្តរស់នៅប្រទេសអូស្ត្រាលី បើទោះនាងបានបញ្ចប់ការសម្តែងនៅទីនោះរាប់ខែមកហើយ។ ក្នុងនោះ តារាចម្រៀង អេនឌី ដែលរួមដំណើរជាមួយនាង ក៏បានត្រលប់មកដល់ស្រុកខ្មែរតាំងពីខែកក្កដាមកហើយ។ មានការសង្ស័យថា ជាតិ សុច្ចកា អាចនឹងមានអ្នកពេញចិត្ត ហើយធានារស់នៅទីនោះ ដោយស្របច្បាប់ ព្រោះបើមិនដូច្នេះទេនាងអាចនឹងត្រលប់មកស្រុកកំណើតជាមួយលោក អេនឌី វិញបាត់ទៅហើយ។ យ៉ាងណាមិញ ទាក់ទងជាមួយរឿងនេះ ជាតិ សុច្ចកា ហាក់មិនខ្វល់ខ្វាយបកស្រាយវែងឆ្ងាយឡើយ ដោយគ្រាន់តែព្រលយខ្លីថានាងមានហេតុផលខ្លះៗ ដែលត្រូវរស់នៅទីនេះ ហើយអ្នកណាចង់និយាយអ្វីក៏និយាយទៅ ទុកឱ្យគេសង្ស័យបន្តទៀតចុះ។ បើតាមប្រភពបងប្អូនខ្មែរដែលរស់នៅប្រទេសអូស្ត្រាលីបានបង្ហើបថាជារឿយៗ ជាតិ សុច្ចកា តែងផ្លាស់ប្តូរកន្លែងរស់នៅ តែនៅទីនោះនាងមានអ្នកស្រឡាញ់ និង រាប់អានច្រើន។
គួរឱ្យដឹងថា នេះជាលើកដំបូងដែល ជាតិ សុច្ចកា បានចេញទៅសម្តែងនៅក្រៅប្រទេស ពោលគឺចំរដូវកាលកូវីដ១៩ ផ្ទុះខ្លាំងកាលពីអំឡុងខែមីនា ឆ្នាំ ២០១៩ កន្លងទៅ ។ ដ្បិតរស់នៅឆ្ងាយពីស្រុកកំណើត និង ក្រុមគ្រួសារជាច្រើនខែក៏ពិតមែន តែតារាចម្រៀងវ័យក្មេង ជាតិ សុច្ចកា ហាក់មានភាពស្រស់ស្រាយ ក្រោយគេតែងឃើញនាងបង្ហាញ រូបភាពដ៏ស្រស់ស្អាត ជាច្រើននៅតាមបណ្តាញសង្គម។
ងាកមកតារាចម្រៀង ឡាយ លក្ខិណា ឯណេះវិញ ក្រោយពីបញ្ចប់ការសម្តែងជាង ១ ឆ្នាំហើយក្ដី តែនាងនៅតែបន្តរស់នៅក្នុងប្រទេសកាណាដា ដោយមិនទាន់ធ្លាយដំណឹងថានឹងត្រឡប់មកស្រុកកំណើតវិញ ពេលណាឡើយ។ យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលតារាចម្រៀង ឡាយ លក្ខិណា មានឱកាសបានចេញទៅសម្តែងនៅប្រទេសកាដាណា ហើយពេលនេះ នាងកំពុងរស់នៅយ៉ាងមានក្តីសុខនៅប្រទេសមួយនេះ។ ដោយឡែក កន្លងមក ធ្លាប់មានការលើកឡើងពីអ្នកគាំទ្រថា ឡាយ លក្ខិណា អាចនឹងមានបុរសៗ ពេញចិត្ត និង ជ្រោមជ្រែងនាងឱ្យរស់នៅស្របច្បាប់ទៅទីនោះ។
គួរបញ្ជាក់ផងដែរថា ឡាយ លកិ្ខណា បានចេញចាកចេញពីការងារសិល្បៈជាង ១០ ឆ្នាំមកហើយ ហើយនាងទើបត្រលប់ចូលសិល្បៈកាលពីពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ អ្វីដែលចាប់អារម្មណ៍តារាចម្រៀង ឡាយ លក្ខិណា នៅតែមានទីផ្សារសិល្បៈទូលាយ ដោយនាងមានឱកាសបានចូលរួមសម្តែងរឿងភាគនៅស្ថានីយទូរទស្សន៍ហង្សមាស និង បានចេញទៅសម្តែងនៅប្រទេស កាណាដា ដល់ទៅពីរលើកផងដែរ៕
រូបថត ៖ ហ្វេសប៊ុក