ឃ្លាតពីសិល្បៈជាង ១០ ឆ្នាំ អតីតតារាចម្រៀង ជិន សេរីយ៉ា កំពុងសាងជីវិតយ៉ាងសាមញ្ញ
បើរំឭកពីពេលវេលារយៈពេលប្រមាណជាជាង ១០ ឆ្នាំមុន មហាជនអ្នកគាំទ្រដែលនិយមស្តាប់បទចម្រៀងរបស់ផលិតកម្ម «រស្មីស្ទឹងសង្កែ» ប្រាកដជាចាំច្បាស់នូវតារាចម្រៀងស្រីល្បីៗប្រចាំផលិតកម្មខាងលើនេះ មានដូចជាអ្នកនាង សុគន្ធ នីសា អ្នកនាង ឱក សុគន្ធកញ្ញា កញ្ញា លី អ៊ីវ៉ាធីណា និង អ្នកនាង ជិន សេរីយ៉ា ។
មហាជនអ្នកគាំទ្របានសង្កេតឃើញថា ក្នុងចំណោមតារាស្រីល្បីទាំង ៤ ខាងលើនោះ គឺមានតារាស្រី ៣ ដួង ដូចជា អ្នកនាង សុគន្ធ នីសា អ្នកនាង ឱក សុគន្ធកញ្ញា និង កញ្ញា លី អ៊ីវ៉ាធីណា នៅតែបន្តអាជីពជាតារាចម្រៀងដូចដើមនៅក្នុងប្រទេសកម្ពុជា ដោយឡែកតែអ្នកនាង ជិន សេរីយ៉ា តែម្នាក់នោះទេ ដែលបានចាកចេញពីស្រុកកំណើតទៅរស់នៅឯប្រទេសបារាំងជាមួយស្វាមី ។
អ្នកនាង ជិន សេរីយ៉ា ដែលបានសម្រេចបញ្ចប់អាជីពសិល្បៈនៅកម្ពុជា និង ទៅរស់នៅឯប្រទេសបារាំងជាមួយស្វាមីនោះ គេបានសង្កេតឃើញថាម្ចាស់បទ «អ្នកណាកំណត់» រូបនេះ ហាក់បង្ហាញវត្តមានក្នុងការចេញច្រៀងក្នុងកម្មវិធីនានានៅឯទឹកដីប្រទេសបារាំងផងដែរ ។ បច្ចុប្បន្នតារាស្រីរូបនេះ មានកូនប្រុសចំនួន ៣ នាក់រួចហើយដែរ និង រស់នៅយ៉ាងមានសុភម្គលរីករាយនៅលើទឹកដីប៉ែកអឺរ៉ុបនោះ ។
គួររំឭកថា តារាចម្រៀង ជិន សេរីយ៉ា ត្រូវបានឈរឈ្មោះជាលំដាប់តារាចម្រៀងស្រីសំឡេងស្រទន់ ដោយបទភាគច្រើនរបស់អ្នកនាងសុទ្ធសឹងតែជាបទបែបមនោសញ្ចេតនា ។ កាលជំនាន់នោះ តារាស្រីរូបនេះ ក៏ជាតារាចម្រៀងស្រីពេញនិយមមួយរូបក្នុងចំណោមតារាស្រីជាច្រើនផងដែរ ។ បទចម្រៀងដែលអ្នកនាង ជិន សេរីយ៉ា បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញច្រើននោះ គឺមានដូចជាបទ «ឋានសួគ៌បណ្តោះសារ» បទ «ស្នាមស្នេហ៍សមុទ្រទឹកភ្នែក» បទ «អ្នកណាកំណត់» បទ «ឱបស្រមោល» និង បទជាច្រើនទៀត ៕