អបអរសាទរ! ស្ងាត់ៗ សូដា នីតា ពពោះកូនដំបូង បានប្រមាណជា ៧ ខែហើយ!
សំងំៗ ពេលនេះតារាចម្រៀង និង សម្តែង សូដា នីតា ពពោះកូនដំបូង បានប្រមាណជា ៧ ខែហើយ ដែលពេលនេះ នាងក៏បានសម្រេចចិត្តផ្អាកពីការងារសិល្បៈមួយរយៈ ដើម្បីមើលថែទាំសុខភាពទារក ក្នុងផ្ទៃដែលជិតដល់ពេលសម្រាលទៅហើយដែរ។
យ៉ាងណាមិញ នៅប្រមាណតែជាពីរខែទៀតប៉ុណ្ណោះ សូដា នីតា នឹងបានឃើញមុខកូនដំបូងរបស់នាងហើយ។ បន្ថែមពីលើនេះ កូនដំបូងរបស់តារារូបនេះ ត្រូវបានគេដឹងថាជាកូនប្រុស ដែលសមទៅតាមបំណងរបស់នាង។
ខណៈនេះ បើទោះបីការងារសិល្បៈកំពុងមមាញឹកក្តីតែ សូដា នីតា បានចាប់ផ្តើមប្រកាសផ្អាក ពីអាជីពសិល្បៈមួយរយៈខ្លី ដើម្បីថែទាំសុខភាព ដោយនាងបញ្ជាក់ថា លុយសំខាន់មែន តែអ្វីដែលចាំបាច់នោះ គឺសុខភាពកូនក្នុងផ្ទៃ។ ជាមួយនឹងការត្រៀមខ្លួនទទួលសមាជិកថ្មីរបស់តារាសម្តែង និង ចម្រៀងវ័យ ៤០ ឆ្នាំរូបនេះ ក៏ទទួលបានការសាទរ ពីសំណាក់មិត្តភក្តិ ព្រមទាំងអ្នកគាំទ្រផងដែរ។
គួរបញ្ជាក់ផងដែរថា សូដា នីតា ទើបនឹងបើកចំហពីទំនាក់ទំនងស្នេហា ជាមួយលោក យុទ្ធ ឋានៈ ដែលជាតារាសម្តែងស្រករក្រោយតែប៉ុន្មានខែនេះប៉ុណ្ណោះ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលស្ងាត់ៗបែរជាត្រៀមខ្លួនទទួលសមាជិកថ្មីទៅហើយ ខណៈកន្លងមកនាងធ្លាប់ទម្លាយថានឹងចូលរោងការនៅក្នុងអំឡុង ២ ឆ្នាំទៀត។ បច្ចុប្បន្ន ក្រៅពីអាជីពសិល្បៈពេលនេះ សូដា នីតា និងគូដណ្តឹងក៏មានមុខរបរជាច្រើននៅក្នុងដៃ ដែលតាមគម្រោងនាងក៏មានបំណងចង់បើកផលិតកម្មដោយខ្លួនឯងផងដែរ៕