នៅសុខៗ ផន សុផារី ដាស់តឿនប្ដីថា «យល់ចិត្តប្រពន្ធឱ្យច្រើន កុំមានស្រី ព្រោះប្រពន្ធដូចនាង មេម៉ាយមិនយូរទេ»
អាពាហ៍ពិពាហ៍រយៈពេល ៤ ឆ្នាំរបស់អតីតតារាកំប្លែងសាច់សខ្ចី ផន សុផារី និង លោក សុង សុវណ្ណារ៉ា ពេលនេះទទួលបានចំណងដៃកូនស្រី ២ នាក់ ដោយអតីតតារាស្រីរូបនេះ ទើបតែសម្រាលកូនស្រីទី ២ កាលពីពេលថ្មីៗនេះប៉ុណ្ណោះ ។
កន្លងមកគ្រួសារតូចរបស់អតីតតារាកំប្លែងស្រីរូបនេះ រស់នៅសុខសាន្តពោរពេញដោយសុភមង្គលបំផុត ព្រោះថា ផន សុផារី និង ស្វាមី តែងតែបង្ហោះរូបថតស្វីតៗបង្ហាញពីក្ដីសុខរវាងប្ដីប្រពន្ធ និង កូន អមជាមួយសាររៀបរាប់នូវពាក្យសម្ដីផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមកតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកជារឿយៗ ។
តែយ៉ាងណាថ្មីៗនេះ ផន សុផារី បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចទេ ដោយនាងស្រាប់តែបង្ហោះសារប្លែកលើគណនីហ្វេសប៊ុក ដាស់តឿនស្វាមីក្នុងអត្ថន័យលេងសើចផងគម្រាមផងថា បើនាងមេម៉ាយ ក៏មេម៉ាយមិនយូរដែរ «ធ្វើខ្លួនជាមួយកូនឱ្យស្អាតៗដើម្បីទុកជាការដាសតឿនប្តី : កុំផឹកច្រើន កុំយកអ្នកដទៃសំខាន់ជាងគ្រួសារ យល់ចិត្តប្រពន្ធឱ្យច្រើន កុំមានស្រី កុំសូម្បីតែលេងសើច ព្រោះប្រពន្ធដូចអូនបើម៉េម៉ាយអត់យូរទេ ដឹងនៅលោកប្តី» ។
ក្រៅពីសារដាស់តឿនស្វាមីត្រង់ៗបើកចំហជាសាធារណៈរបស់ ផន សុផារី ក្នុងនោះនាងក៏បានបង្ហោះរូបថតតុបតែងខ្លួនយ៉ាងស្រស់ស្អាតមិនចាញ់ក្រមុំ បណ្ដើរកូនៗទាំងពីរដោយមិនខ្វល់ខ្វាយ ហេតុដូច្នេះហើយទើបនាងហ៊ាននិយាយថា ប្រពន្ធដូចនាងទោះបីជាមេម៉ាយ ក៏មេម៉ាយមិនយូរដែរ ៕