ម៉េង កែវពេជ្ជតា ចេញមកបញ្ជាក់ការពិត រឿងលោកជំទាវ ហ៊ុន ស៊ីណាត បង្ហោះសារយប់មិញ!
កាលពីយប់ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយលើបណ្តាញសង្គម ដោយក្នុងសារនោះលោកជំទាវបានសំដៅដល់តារាចម្រៀង ម៉េង កែវពេជ្ជតា និង ខឹងសម្បាតារាចម្រៀងរូបនេះយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានឡាយវីដេអូមួយកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ កន្លងទៅ និយាយរឿងរ៉ាវអ្នកប្តឹងអ្នកនាងដែលបានដកពាក្យបណ្តឹងវិញ ។
លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារថា «ខ្ញុំសូមជម្រាបបងប្អូនកូនក្មួយមិត្តរួមហ្វេសប៊ុកជាទីស្រឡាញ់ ជួយមើលតើមុខមីមួយហ្នឹងវាមកសុំទោសខ្ញុំដល់ផ្ទះ ព្រមទាំងធ្វើលិខិតថែមទៀត តែអនិច្ចាមីមមាចនេះវាឡាយថាខ្ញុំដកពាក្យបណ្ដឹងវា ។ នេះហើយបានជាខ្ញុំស្អប់អាវប្បធម៌អន្ដរាគមន៍អ៊ីចឹងបានជាមីមមាចនេះវាឡើងចាង»។
ការបង្ហោះសារពីសំណាក់លោកជំទាវខាងលើ បានធ្វើឱ្យតារាចម្រៀង ម៉េង កែវពេជ្ជតា ដេកមិនលក់បក់មិនល្ហើយឡើយ ដោយជាការយល់ច្រឡំមួយទើបរហូតដល់ថ្នាក់លោកជំទាវបានបង្ហោះដាក់បន្ទុកខ្លួនដូច្នេះ ។ ដោយសារមិនចង់ឱ្យមានការយល់ច្រឡំ និង ដើម្បីបញ្ជាក់ការពិតទៅកាន់លោកជំទាវ ហ៊ុន ស៊ីណាត ជាថ្មីនោះ នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ នេះ តារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហោះសារមួយដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម ៖
សូមជម្រាបសួរ បងប្អូន និង មិត្ត យប់មិញខ្ញុំសម្រាកមិនលក់ទេ ព្រោះតែការហួសចិត្តនឹងព័ត៌មានកាលៃពាក្យសម្តីខ្ញុំ ។ អ្វីដែលខ្ញុំនិយាយពីថ្ងៃទី ៣.១.២០២១ មិនបានសំដៅលើលោកជំទាវមីងសោះ ខ្ញុំមានទាំងវីដេអូច្បាស់ៗ គ្រប់គ្នាដែលទស្សនាការឡាយក៏អាចធ្វើជាសាក្សីបាន ។ ខ្ញុំនិយាយតែពីអ្នកផ្សេង ខ្ញុំក៏មិនបានមានចរិតអំនួតអ្វីដែរ តែពាក្យខ្លះគឺខ្ញុំចង់ផ្ញើទៅមនុស្សប្រុសម្នាក់ដែលខ្ញុំប្តឹង ព្រោះតែចូលមកជេរខ្ញុំក្នុងការឡាយរបស់ខ្ញុំ គឺដើម្បីចង់ប្រាប់ថាកុំឱ្យម្នាក់នោះប៉ះពាល់ខ្ញុំទៀតប៉ុណ្ណោះ ។ ប៉ុន្តែព័ត៌មានចុះផ្សាយនិយាយផ្សេងទៅវិញគួរឱ្យហួសចិត្ត ។ យប់មិញដើម្បីកុំឱ្យមានការយល់ច្រឡំ នាងខ្ញុំក៏បានចេញមកឡាយបកស្រាយ ថែមទាំងធ្វើការសូមទោសលោកជំទាវមីងជាច្រើន ក្រោយពីខ្ញុំទទួលបានដំណឹងភ្លាម ។
ខ្ញុំសូមបញ្ជាក់ជូនម្តងហើយម្តងទៀតថា ខ្ញុំគ្មានគំនិតអាក្រក់ណាមួយចង់ឱ្យលោកជំទាវមីងអាប់ឱនកិត្តិយសទេ ។ ខ្ញុំបានទទួលការអភ័យពីលោកជំទាវកាលណោះ គឺជាគុណបុណ្យណាស់ទៅហើយ ដូច្នេះគ្មានប្រយោជន៍អីដែលខ្ញុំត្រូវមកធ្វើអាក្រក់លើលោកជំទាវនោះទេ ខ្ញុំក៏ស្រឡាញ់គោរពលោកជំទាវរហូតមកដែរ ខ្ញុំគ្មានថ្ងៃធ្វើបាបចិត្តលោកជំទាវទេ មានតែការពារ គ្រាន់តែគិតបន្តិចក៏យល់ ។ ចំនុចមួយដែលយើងគួរឆ្ងល់គឺ ខ្ញុំនិយាយឈ្មោះអ្នកផ្សេង តែពេលព័ត៌មានយកមកផុសបែរជាដាក់រូបលោកជំទាវដែលខ្ញុំមិនបាននិយាយដល់ទៅវិញ ។ សូមបងប្អូនជួយពិចារណាខ្ញុំផង!
ជាថ្មីម្តងទៀត ក្មួយសូមធ្វើការសូមទោសចំពោះលោកជំទាវមីងពីចំងាយ ក្មួយក៏សោកស្តាយដែរ ដែលមិនគួរមានព័ត៌មានអុជអាលធ្វើឱ្យលោកអាក់អន់ភាន់ច្រឡំដូច្នេះទេ ឱ្យក្មួយសូមទោសផង សូមលោកជំទាវមីងផ្តល់ក្តីអនុគ្រោះដល់ក្មួយដែលកំពុងមានការយាយីពីមនុស្សខូចជុំទិសនេះផង ក្មួយសង្ឃឹមលើទឹកចិត្តមនុស្សធម៌ដែលលោកជំទាវធ្លាប់មានកន្លងមកលើកលែងឱ្យក្មួយដោយអនុគ្រោះ ក្មួយសូមអរគុណដោយក្តីគោរព សូមអរគុណការបារម្ភពីបងប្អូនគ្រប់គ្នា ៕