នៅសុខៗ សឿ សុធារ៉ា ត្អូញថា «គ្មានស្នេហាស្មោះ គ្មានភាពកក់ក្តៅ មានតែការឈឺចាប់»
មិនមែនជាលើកទីមួយទេ ដែលគេចាប់អារម្មណ៍ឃើញតារាសម្តែង សឿ សុធារ៉ា បញ្ចេញអារម្មណ៍សោកសៅជាបន្តបន្ទាប់ ធ្វើឱ្យគេសង្ស័យថា ជីវិតប្តីប្រពន្ធរបស់នាង ប្រហែលជាមានបញ្ហាពិតមែន តែខ្លះទៀតគិតថាជាការសម្តែងនៅក្នុងរឿងថ្មីរបស់នាងទៅវិញ។
ថ្មីៗនេះ សឿ សុធារ៉ា បានលើកឡើងថា «Sad Merry Christmas អត់បានកាដូអនុស្សាវរីយ៍ Sad Merry Christmas អត់មានអ្នកស្រឡាញ់ គ្មានស្នេហាស្មោះ គ្មានភាពកក់ក្តៅ មានតែការឈឺចាប់ Sad Merry Christmas ជីវិតហាក់គ្មានន័យ យល់តែសោកា Why?»។
យ៉ាងណាមិញ គេមិនទាន់បានដឹងថាមូលហេតុអ្វីបានជា សឿ សុធារ៉ា លើកឡើងបែបនេះឡើយ ព្រោះនរណាក៏ដឹងថានាងមានស្វាមី ហើយថែមទាំងមានកូនប្រុសស្រីដ៏គួរឱ្យស្រឡាញ់ ដល់ទៅពីរនាក់ថែមទៀត បែរជាមកបង្ហោះសារកើតទុក្ខបែបនេះទៅវិញ ឬមួយក៏ជីវិតប្តីប្រពន្ធរបស់នាងដើរដល់ផ្លូវបំបែក?
ទោះយ៉ាងនេះក្តី នេះគ្រាន់តែជាការសន្និដ្ឋានរបស់មហាជនប៉ុណ្ណោះ ហើយមួយវិញទៀត សម្រាប់ការលេចមុខនៅក្នុងសិល្បៈជាថ្មីនេះ សឿ សុធារ៉ា សុំមិននិយាយពីរឿងជីវិតឯកជនឡើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ គេសូវបានឃើញ សឿ សុធារ៉ា ក៏ដូចជា លោក សាពូន មីដាដា ជាស្វាមីបង្ហាញរូបភាពផ្អែមល្ហែមដូចមុនឡើយ។ ដោយឡែកសារដែលបង្ហោះមានអត្ថន័យខាងលើនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមហាជនជាច្រើន។
សឿ សុធារ៉ា បានសម្រេចចិត្តវិលចូលសិល្បៈជាថ្មី ក្រោយពីបន្សាត់ខ្លួនចេញពីការងារនេះប្រមាណជាង ១០ ឆ្នាំមកហើយ ដោយក្នុងនោះតារាវ័យ ៣៣ ឆ្នាំរូបនេះ បាននិយាយថាមូលហេតុនាងត្រលប់មកវិញ ដោយសារតែនៅតែស្រឡាញ់ចំពោះការងារសម្តែងនេះ ហើយក៏សោកស្តាយដែលបានចាកចេញទៅច្រើនឆ្នាំបែបនេះ។
គួរឱ្យដឹងថា ចំពោះការវិលត្រលប់មកលើកនេះ សឿ សុធារ៉ា ក៏ទទួលបានការថតរឿងភាគទូរទស្សន៍ហង្សមាស ដោយគ្រងតំណែងជាតួឆ្នាស់ឆ្នើមជាលើកដំបូង ហើយដែលនាងរំពឹងថា នឹងធ្វើឱ្យប្រជាប្រិយភាពរបស់នាងលេចធ្លោឡើងវិញ ហើយក្រៅពីនោះនាងក៏បានថតចម្រៀងជាមួយលោក អេនឌី និង ថតរូបផ្សព្វផ្សាយពីសម្អាងការនានាផងដែរ៕
រូបថត ៖ ហ្វេសប៊ុក