អ៊ាម វន្នី ចេញមុខប្រតិកម្មបែបនេះភ្លាមៗ ក្រោយមានការលើកឡើងថា តន់ ចន្ទសីម៉ា វ៉ាដាច់ ឱក សុគន្ធកញ្ញា
ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការលើកឡើងមួយចំនួនតូច ដោយបានប្រៀបធៀបរវាងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង តារាចម្រៀងពន្លកថ្មី តន់ ចន្ទសីម៉ា បង្កឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះការលើកឡើងនោះហាក់អះអាងច្បាស់ៗថា ពេលនេះ តន់ ចន្ទសីម៉ា បានឡើងកូដវ៉ាដាច់ ឱក សុគន្ធកញ្ញា ទៅទៀត ។
ការអះអាងខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីគេសង្កេតឃើញមួយរយៈចុងក្រោយនេះ បទចម្រៀងជាច្រើនបទរបស់តារាចម្រៀងស្រីគ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy តន់ ចន្ទសីម៉ា ដែលបង្ហោះនៅលើបណ្ដាញសង្គមកន្លងមកនោះ សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន ហើយមានបទចម្រៀងមួយចំនួនរបស់អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ២ រូបនេះ មានចំនួនអ្នកទស្សនាច្រើនជាងបទចម្រៀងរបស់ ឱក សុគន្ធកញ្ញា ដែលជាអតីតគ្រូបង្វឹកទៅទៀត ។
ងាកមកលោក អ៊ាម វន្នី ដែលជាអតីតបេក្ខភាព Cambodia Idol ដ៏លេចធ្លោមួយរូបវិញ លោកក៏បានលូកមាត់ក្នុងរឿងនេះដែរ ដោយលោកបានបញ្ចេញយោបល់ថា «គាំទ្រប្អូនស្រីច្រៀងល្អ ប៉ុន្តែមិនអាចប្រៀបជាមួយកិត្តិយសល្បីល្បាញ របស់រៀមច្បង ឱក សុគន្ធកញ្ញា ជាង ១០ ឆ្នាំកន្លងមកនេះបានទេ ប្អូនសន្សំពិន្ទុមិនទាន់គ្រប់គ្រាន់នៅឡើយទេ តែបើប្អូនល្បីបាន ១០ ឆ្នាំជាប់គ្នាប្រហែលអាចក្លាយជាទំពាំងស្នងឬស្សីនៃរៀមច្បងយើងបាន» ៕